(ឧត្តរមានជ័យ)៖ នគបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រះប្រឡាយ បានឲ្យដឹងថា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានសិស្សានុសិស្ស នៅសាលាបឋមសិក្សា «DPC»ត្រាំប៉ោង ចំនួន១៤៧នាក់ហើយ ក្នុងចំណោមសិស្សសរុប១៩០នាក់ បានពុលបង្អែមចេកខ្ទិះ ក្នុងពិធីរៀបចំ ជប់លៀង ជូនដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស នៅសាលានេះ បណ្ដាលឲ្យមានអាការៈ ចុកពោះ ក្អួត និងវិលមុខ នៅក្នុងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។
ករណីពុលបង្អែមចេកខ្ទិះនេះ បានកើតឡើងតាំងពីម្សិលមិញ ហើយបន្តកាន់តែច្រើន នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះ។ ចំពោះបញ្ហាខាងលើនេះ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មណ្ឌលសុខភាពស្រុកត្រពាំងប្រាសាទ មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ដែលចុះពិនិត្យមើលស្ថានភាពជាមួយលោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន តំណាងនាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា ករណីខាងលើនេះ គឺកើតឡើងតាំងពីល្ងាចម្សិលមិញ ថ្ងៃទី១៦ ខែវិច្ឆិកា តែមានអាការៈក្មេងៗ ត្រឹមតែ៣ទៅ៤នាក់ រហូតដល់ថ្ងៃនេះ បានកើនឡើងរហូតដល់ ១៤៧នាក់ ហើយត្រូវបានក្រុមគ្រូពេទ្យ ខិតខំប្រឹងប្រែងព្យាបាលជំងឺដល់ពួកគាត់ ។លោកបានបន្ថែមថា នៅសស់តែប្រមាណជា១០នាក់ប៉ុណ្ណោះ ដែលមិនទាន់បានជាសះស្បើយ ។
លោកបានបញ្ជាក់ថា ក្រោយពីកើតហេតុ លោកបានឲ្យក្រុមមន្ត្រីសាខាកាំកុងត្រូល និងវេជ្ជបណ្ឌិត យកបង្អែមយកទៅពិនិត្យ និងបានរកឃើញថា ស្ករស ដែលដាក់លាយផ្សំក្នុងបង្អែមនោះមានជាតិល្វីង និងរកបន្ថែមទៀត តើស្ករសទាំងអស់នោះយកពីប្រភពណា និងតាមណា ដើម្បីធ្វើការទប់ស្កាត់បន្ទាន់ ដើម្បីជៀសវាងករណីខាងលើនេះ។ ជាមួយគ្នានេះ លោក និងក្រុមការងារ ក៏បានឧបត្ថម្ភថវិកាចំនួន១៨០០០០០រៀល និងថវិកាលោកនាយឧត្តមសេនីយ៍ គន់ គីម ចំនួន១លានរៀល ដល់ប្អូនៗសិស្សានុសិស្ស ម្នាក់២ម៉ឺនរៀល ផងដែរ។
សូមបញ្ជាក់ថា សាលាខាងលើនេះមានការជួយឧបត្ថម្ភពីអង្គការDPC (អង្គការជួយប្រជាជនដើម្បីប្រជាជនកម្ពុជា) បានរៀបចំជប់លៀងជូន ដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ដោយធ្វើបង្អែម ចេកខ្ទិះ៕