(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ជឹម រិទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ជាសមាជិកសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា របស់លោក ឯ សុភាស់ ដែលមេក្លោងទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀនម្នាក់ ដកហូតម៉ូតូ២គ្រឿង ថ្នាំញៀន និងវត្ថុតាងមួយចំនួន។
លោក ជឹម រិទ្ធី មេបញ្ជាកងរាជអាវុធហត្ថខណ្ឌ បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ប្រតិបត្តិការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោកមេបញ្ជាការ បញ្ជាក់ថា ជនសង្ស័យដែឃាត់ខ្លួនឈ្មោះ តាំ ឡេង ហៅអាខ្លា អាយុ៣៧ឆ្នាំ ជាសមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា មុខងារ រងការិយាល័យទទួលបន្ទុកសន្ដិភាពរួម ក្នុងនោះកម្លាំងជំនាញដកហូតបាន ម៉ូតូ២គ្រឿងម៉ាកC125 និងMSXមួយគ្រឿង ថ្នាំញៀនម្សៅក្រាមសថ្លាចំនួន១កញ្ចប់ ទូរស័ព្ទ២គ្រឿង ដាវ១ដើម សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន និងវត្ថុតាងជាច្រើនផ្សេងទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអាវុធជំនាញ កសាងសំណុំរឿងដើម្បីចាត់ការបន្ដ៕