(កណ្តាល)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងឲ្យដឹងថា មុននឹងកម្ពុជាឆ្លងផុតពីសង្គ្រាមរុំារ៉ៃ រហូតទទួលបានសុខសន្តិភាព ពេញលេញមកដល់សព្វថ្ងៃនេះ គឺ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានពុះពារគ្រប់ឧបសគ្គ ក្នុងការស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ ជាពិសេសការរស់នៅ របស់ប្រជាពលរដ្ឋ យើងប្រកបដោយ សុខសាន្ត ត្រាណពេញបរិបូរណ៍ ទាំងសិទ្ធក្នុងការរស់នៅ និងការប្រកបមុខរបផ្សេងៗទៀតជាដើម។លោក វង សូត បានបន្ថែមឲ្យដឹងទៀតថា កម្ពុជាឆ្លងកាត់ឧបសគ្គជាច្រើន ក្នុងការស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋក្នុងនោះ ការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ពិតជាមិនអាច ជៀសបាន ក្នុងការចូលរួមពីប្រជាពលរដ្ឋយើងផងដែរ។
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងបែបនេះ ខណៈលោក ចូលរួមនៅក្នុងពិធីចែក កង់ចំនួន៤០០គ្រឿង ជូនកុមារកំព្រា និងសិស្សានុសិស្សក្រីក្រ ជាអំណោយរបស់ អង្គការកុកឺសៃ KJO នៅស្រុកកណ្តាល ខេត្តកណ្តាល ថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០១៦នេះ។
លោករដ្ឋមន្រ្តី បានលើកឡើងបន្តថា ក្រោយពីកម្ពុជាទទួលបានសុខសន្តិភាពហើយនោះ រាជរដ្ឋាភិបាលបាន ជម្រុញគ្រប់យុទ្ធសាស្រ្ត គ្រប់នីតិវិធី ដើម្បីពន្លឿនការងារអភិវឌ្ឍន៍ប្រទេសជាតិដូចជា ផ្លូវមានផ្លូវខ្វាត់ខ្វែង ជួយសម្រួល ដល់ការធ្វើដំណើរបានកាន់តែឆាប់រហ័ស មានស្ពាន មានវត្តអារាម និងមានសាលារៀនស្ទើគ្រប់មូលដ្ឋាន ក្នុងការបង្ករ លក្ខណៈងាយស្រួលដល់សិស្សានុសិស្ស ព្រោះប្អូនៗកុមារគឺជាទំពាងស្នងឬស្សី ដែលមិនអាចខ្វះបាន ក្នុងពង្រីកធនធាន មនុស្សឲ្យកាន់តែប្រសើរ រួមគ្នាអភិឌ្ឍន៍មហាសាមគ្គី ដើម្បីឲ្យប្រទេសជាតិយើង មានការទទួលស្គាល់គ្រប់ផ្នែក នៅលើសកលោក។
លោក វង សូត ថាដើម្បីជម្រុញការអភិវឌ្ឍន៍ និងការចូលរួមថែរក្សាសុខសន្តិភាព ទាំងនេះឲ្យនៅស្ថិតស្ថេរគង់វង្ស ក្រៅថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំនូវគ្រប់ឧបសគ្គ ដើម្បីពន្លឿនការងារ អភិវឌ្ឍន៍ប្រទេស ជាតិ របស់យើងនោះ ប្រជាពលរដ្ឋ សិស្ស និស្សិត ក៏ជាកំលាំងចលករដោយមិនអាចខ្វះបាន ក្នុងចូលរួម ពីយ៉ាងសំខាន់ រួមគ្នាជាធ្លុងមួយជម្រុញដល់ការអភិឌ្ឍន៍ ឲ្យប្រទេសជាតិមួយនេះមានការរីកចម្រើនប្រកបដោយ សក្តានុពលគ្រប់បែបយ៉ាង។
គួរបញ្ជាក់ថា បន្ទាប់ពីចូលរួមនៅក្នុងពិធីចែក កង់ចំនួន៤០០គ្រឿង ជូនកុមារកំព្រារ និងសិស្សានុសិស្សក្រីក្រ ជាអំណោយរបស់ អង្គការកុកឺសៃ KJOរួចមក រដ្ឋមន្រ្តី វង សូត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ក៏បានធ្វើទស្សនកិច្ចអាគារសាងសង់មួយចំនួន នៅក្នុងបរិវេណនោះផងដែរ៕