(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយសម្រេចផ្តន្ទាទោស លោកស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រង្ស៊ី ដាក់​ពន្ធនាគារ​១ឆ្នាំ​៦ខែ​ និង​ពិន័យ​៨លាន​រៀល​ ព្រម​ទាំង​សងសំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​ចំនួន​១០០រៀល​ ។ សាលក្រម​នេះ​ក៏​បង្គាប់​ឲ្យ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​អ្នក​ស្រី​ ថាក់​ ឡានី​ ផងដែរ​ ។

អ្នកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៉ី ត្រូវបានតុលាការចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្ត អំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់លោកស្រីនិយាយចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ជាអ្នកបាញ់សម្លាប់ លោក កែម ឡី នៅក្នុងវេទិកាមួយនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ។

លោកមេធាវី គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យដឹងកន្លងមកថា ការចោទប្រកាន់ដោយមិនមានភស្តុតាងរបស់ លោកស្រី ថាក់ ឡានី ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសសម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ លោកបានដាក់ពាក្យបណ្ដឹងប្តឹងអ្នកស្រី ថាក់ ឡានី ដោយសំណូមពរឲ្យតុលាការ ចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀល៕