(ភ្នំពេញ)៖ លោក យ៉ែម បុញ្ញឬទ្ធិ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាអ្នកនាំពាក្យក្រុមតំណាងរាស្រ្តសំឡេងភាគតិច បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ សមាជិកសភាសំឡេងភាគតិច នៃគណបក្សសង្រ្គោះជាតិទាំងអស់ នឹងចូលរួមកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ក្នុងនោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ក៏មានបំណងចង់ចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរ។
លោក យ៉ែម បុញ្ញឬទ្ធិ បានអះអាងថា សមាជិកសភារបស់គណបក្សសង្រ្គោះជាតិ នឹងចួលរួមដើម្បីយកសិទ្ធិរបស់ខ្លួន ពិភាក្សាលើរបៀបវារៈ ដែលមាននៅក្នុងកិច្ចប្រជុំនោះ ជាពិសេសលើសេចក្តីព្រាងច្បាប់គ្រប់គ្រងថវិកាជាតិ ឆ្នាំ២០១៧។ លោកថា សេចក្តីព្រាងច្បាប់នេះ នៅមានចំណុចខ្វះខាតមួយចំនួន ដូចជា លើពន្ធដារ សម្បទាដីព្រៃឈើ និងលើវិស័យទេសចរណ៍ជាដើម។
ជាការឆ្លើយតប លោក ឈាង វុន អ្នកនាំពាក្យសំឡេងភាគច្រើនក្នុងរដ្ឋសភា បានប្រាប់ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះការចូលរួមរបស់សមាជិកសភារបស់គណបក្សសង្រ្គោះជាតិ តែលោកថាសម្រាប់ ភាគីគណបក្សរបស់លោក គឺមិនមានការភ្ញាក់ផ្អើលឡើយចំពោះវត្តមានរបស់ពួកគាត់។ លោក ឈាន វុនថា «ចង់ចូលឬមិនចូលជាសិទ្ធិរបស់ពួកគាត់ គ្មានអ្នកណាហាមឃាត់ទេ។ ទោះមិនចូលក៏កិច្ចប្រជុំគេ ដំណើរការ ទៅជាធម្មតា»។
លោក ឈាង វុន បានបន្ថែមថា «ករណីលោក កឹម សុខា គ្មានពីណាហាមឃាត់ ឬ ចាប់ចងគាត់នោះទេ គាត់ចង់ចូលឬ មិនចូលជារឿងរបស់គាត់»។
អ្នកនាំពាក្យសំលេងសភាភាគច្រើននៃរដ្ឋសភា បានបញ្ជាក់ជំហរឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីត្រឹមត្រូវតាមច្បាប់ និងគោរពច្បាប់ជានិច្ច និងមិនដែលរំលោភបំពានសិទ្ធិបុគ្គលរូបណាឡើយ។
គួរបញ្ជាក់ថា រដ្ឋសភាកម្ពុជា នឹងរៀបចំកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ដោយពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន ការពិភាក្សាលើច្បាប់ស្តីពី ការប្រែប្រួលអាកាសធាតុនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសរបស់អង្គការសហប្រជាជាតិ ច្បាប់ទូទាត់ថវិកាឆ្នាំ២០១៥ និងច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ និងរបៀបវារៈផ្សេងៗមួយចំនួនទៀត៕