(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអំពីភាពរីកចំរើននៃវិស័យពុទ្ធចក្រ និងអាណាចក្រ នៅក្នុងប្រទេសកម្ពុជា។ សម្តេចបានថ្លែងថា វិស័យទាំងពីរនេះ មិនអាចកាត់ផ្តាច់ពីគ្នាបាននោះទេ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងបែបនេះ នាគ្រាដែលសម្តេចបានអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស នៅសាលចតុមុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

សម្ដេចតេជោ បានមានប្រសាសន៍រំលឹកដល់អាចារ្យអាចារិនីទាំងអស់ អោយយកចិត្តទុកដាក់ និងគោរពប្រតិបត្តិទៅតាមទំនៀមទំលាប់ និងជំនឿនៅតាមតំបន់មួយចំនួនដែលប្រជាពលរដ្ឋ និងគ្រួសារខ្មែរ មួយចំនួននៅប្រតិបត្តិតាមនៅឡើយ។ អាចារ្យ អាចារិនីមិនត្រូវចាប់បង្ខំគេឱ្យគោរពតាមទាំងស្រុងនោះទេ។ ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងជំរុញដល់អាចារ្យ អាចារិនី ខិតខំយកចិត្តទុកដាក់ថត និងចងក្រងឯកសារ គម្ពីរទាំងឡាយទាក់ទងនឹងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីរក្សាទុកសម្រាប់ក្មេងជំនាន់ក្រោយក៏ដូចជាសម្រាប់ជាកេរ្តិ៍ដំណែល និងជាមរតក ជាតិ និងសម្រាប់ផ្សព្វផ្សាយ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានសំណូមពរដល់អាចារ្យ អាចារិនី ឱ្យមានសាមគ្គីល្អជាមួយចៅអធិការវត្ត ព្រះសង្ឃ អាជ្ញាធរដែនដី ដោយមិនត្រូវប្រកាន់បក្សពួក ហើយអាចារ្យ អាចារិនី ត្រូវធ្វើជាបុគ្គលជាទីគោរព។ សព្វថ្ងៃនេះវត្តអារាមមានច្រើន ការធ្វើបុណ្យទានកាន់តែច្រើន តម្រូវការអាចារ្យក៏កាន់តែច្រើន ដូច្នេះហើយទើបទាមទារឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សផ្នែក អាចារ្យ អាចារិនី នេះឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ ។ អាចារ្យ អាចារិនី ត្រូវបន្តពង្រីកចំណេះដឹង និងខិតខំស្រាវជ្រាវក្បួនខ្នាតដើម្បីរួមចំណែកកសាងឯកសារគោលសម្រាប់បោះពុម្ពផ្សាយជាប្រយោជន៍សង្គម និងត្រូវធ្វើគំរូល្អប្រកបដោយសីលធម៌ ចរិយាធម៌ល្អ ដើម្បីចូលរួមទប់ស្កាត់អំពើហិង្សានៅក្នុងសង្គមជាតិផងដែរ៕