Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានភាពនៅប្រាសាទតាមាន់ធំ វិលមករកសភាពស្ងប់ស្ងាត់ធម្មតា ក្រោយមានការសម្របសម្រួលគ្នារវាងកងទ័ពកម្ពុជា-ថៃ និងឯកភាពគ្នាមិនបន្ថែមកម្លាំងទ័ព, មេទ័ពភូមិភាគ២ថៃ ដឹកនាំកម្លាំងប៉ារ៉ាទៅទស្សនាប្រាសាទជិត២០នាទី

17-07-2025 15:30

(ឧត្តរមានជ័យ)៖ ស្ថានភាពនៅប្រាសាទតាមាន់ធំ បានវិលមករកសភាពស្ងប់ស្ងាត់ដូចធម្មតាវិញហើយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានការប៉ះទង្កិចគ្នាដោយសម្ដីរវាងភ្ញៀវទេសចរខ្មែរ និងក្រុមទាហានប៉ារ៉ាថៃ ក្រោយមានការសម្របសម្រួលគ្នារវាងថ្នាក់ដឹកនាំកងទ័ពកម្ពុជា-ថៃ ដែលឈរជើងនៅតំបន់ប្រាសាទតាមាន់។

បើតាមសេចក្ដីរាយការណ៍ បន្ទាប់ពីហេតុការណ៍កើតឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានជួបពិភាក្សាជាមួយលោកវរសេនីយ៍ឯក ប៊ុន ស៊ើម មេបញ្ជាការរងកងកម្លាំងសុរៈនារីថៃ នៅលើប្រាសាទតាមាន់ ដើម្បីស្វែងរកដំណោះស្រាយជាមួយគ្នាដោយសន្ដិវិធី។

ក្នុងការសម្របសម្រួលជជែកពិភាក្សាគ្នានោះ ភាគីទាំងពីរបានរក្សាគោលការណ៍ដែលបានកំណត់ការពីមុន ពោលនៅម៉ោង៩៖០០នាទី ត្រូវបើកប្រាសាទឲ្យប្រជាពលរដ្ឋទាំងសង្ខាងឡើង លេងជាធម្មតា ហើយនៅម៉ោង៣៖០០នាទីត្រូវបិទប្រាសាទមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងសងខាងឡើងលេងឡើយ។

កំណត់កម្លាំងធ្វើការនៅលើប្រាសាទចំនួន៧នាក់ស្មើៗគ្នា ហើយបើមានបញ្ហាប្រជាពលរដ្ឋទាំងសងខាង ធ្វើខុសការកំណត់ភាគីម្ខាងទៀត ត្រូវរាយការណ៍ឲ្យភាគីម្ខាងទៀតបានដឹង ការដោះស្រាយ កំណត់ឲ្យកម្លាំងធ្វើការនៅលើប្រាសាទ ជាអ្នកដោះស្រាយ មិនត្រូវឲ្យភាគីណាមួយបន្ថែមកម្លាំងចូលមកដោះស្រាយនោះឡើយ។

ក្រោយការសម្របសម្រួល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មានប្រតិភូទាហានឯកសណ្ឋានប៉ារ៉ាថៃ មកពីខេត្តនគររាជសីមាមួយចំនួន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុនស៊ីម ផាតក្លាង មេបញ្ជាការភូមិភាគទី២ កងទ័ពជើងគោកភូមិន្ទថៃបាន ចូលមកទស្សនាប្រាសាទតាមាន់ធំ រយៈពេលជិត២០នាទី ទើបត្រឡប់ទៅវិញ។ ក្នុងនោះ ភាគីខាងថៃបានជូនដំណឹងមកកងពលតូចថ្មើរជើងលេខ៤២ផងដែរ៕