Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមរភូមិក្រោយគ្រប់ជាតិសាសន៍ គាំទ្រសមរភូមិជួរមុខ! ប្រធានអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា និងក្រុមការងារ អមដំណើររដ្ឋមន្រ្តីក្រសួងធម្មការ ចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនជូនដល់កងទ័ពជួរមុខការពារព្រំដែន

17-07-2025 14:54

(ព្រះវិហារ)៖ លោក សឡេះ សឡេះ ប្រធានអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា និងក្រុមការងារ បានអមដំណើរលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងអ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម ដើម្បីចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនជូនដល់កងទ័ពជួរមុខការពារព្រំដែន ដែលឈរជើងនៅតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

លោក សឡេះ សឡេះ ប្រធានអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា បានឲ្យដឹងថា វត្តមានគណៈប្រតិភូត្រូវបានការទទួលស្វាគមន៍ពីនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សយ៉ាងកក់ក្ដៅបំផុត ។

លោកបន្តថា សកម្មភាពនេះ គឺដើម្បីបង្ហាញពីការគិតគូរ និងលើកទឹកចិត្តដល់វីរៈកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ។ កាយវិការដ៍អង់អាចក្លាហានរបស់វីរៈកងទ័ពខ្មែរយើង បានឆ្លុះបញ្ចាំងឲ្យឃើញពីការស្នេហាជាតិ ការពារមាតុភូមិ ការពារទឹកដី មិនឲ្យសត្រូវឈ្លានពានបានឡើយ។

លោកបន្ថែមថា សម្រាប់សកម្មភាពចូលរួមជាមួយថ្នាក់ដឹកនាំ អង្គការមានអំណោយ និងថវិកាមួយចំនួនចូលរួមជួយឧបត្ថម្ភជាមួយថ្នាក់ដឹកនាំ ដ្បិតថាតិចតួចក្ដី តែនេះជាទឹកចិត្តបរិសុទ្ធសម្រាប់ជាតិ ជួយតាមលទ្ធភាព និងស្នើរទៅកាន់សហគមឥស្លាម រួមគ្នាជួយឧបត្ថម្ភម្នាក់បន្តិចៗដើម្បីជាការលើកទឹកចិត្តដល់វីរៈកងទ័ពយើងដែលកំពុង ប្រឈមនឹងសត្រូវឈ្លានពានទឹកដីកម្ពុជាយើង៕