(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រកាសបន្ទោរតាមរបាយការណ៍មួយថា កំណើននៃចំនួនសិស្ស និស្សិតកម្ពុជា ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក បានកើនឡើងប្រមាណ១,៤ភាគរយ។ សិស្ស-និស្សិតខ្មែរដែលសិក្សានៅអាមេរិក បានកើនពី ចំនួន៤៩២នាក់ នៅឆ្នាំ២០១៤-២០១៥ ដល់ចំនួន៤៩៩នាក់ នៅក្នុងឆ្នាំ២០១៥-២០១៦ ដែលកំណើននេះមានចំនួនប្រមាណ១.៤ភាគរយ។
លោក Jay Raman ប្រធានផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក បានបញ្ជាក់ឲ្យដឹងថា «ការអង្កេតនៅឆ្នាំនេះបង្ហាញថា ពេលនេះមានសិស្ស និស្សិតកម្ពុជាច្រើនជាងពេលណាទាំងអស់បំពេញ ការស្រម៉ៃរបស់គេ ក្នុងការបានសិក្សានៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក»។ លោកបានបន្ថែមថា «ស្ថានទូតអាមេរិក និងមជ្ឈមណ្ឌលផ្តល់ប្រឹក្សាស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក (EducationUSA) កំពុងត្រៀមខ្លួន ជួយប្រជាជនកម្ពុជា នៅក្នុងការស្វែងយល់បន្ថែមពីដំណើរការ និងរកមើលវិធីក្នុងការជួយរកថវិកាសម្រាប់ការសិក្សារបស់គេ»។
ស្ថានទូតបានបញ្ជាក់ថា បើយោងតាមរបាយការណ៍ស្តីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ ដែលបានចេញនៅសប្តាហ៍នេះ បានរកឃើញថា ចំនួននិស្សិតអន្តរជាតិ ដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក មានចំនួនលើសពី ១ លាននាក់ជាលើកដំបូង នៅក្នុងឆ្នាំសិក្សា ២០១៥ - ២០១៦ ដែលជាចំនួនកើនឡើងចំនួន ៧% លើសឆ្នាំមុន ដែលមាន ១ ០៤៤ ០០០ នាក់ ដែលត្រូវជាចំនួន ៥% នៃនិស្សិតសរុបនៅក្នុងស្ថាប័ន ក្នុងសហរដ្ឋអាមេរិក៕