Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលក្រុងស្វាយរៀង ​ឃាត់ខ្លួនក្រុម​ក្មេង​ទំនើង៥នាក់ ក្រោយជិះម៉ូតូដេញវាយ​គ្នា​បង្កការរំខានដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

17-07-2025 14:29

(ស្វាយរៀង)៖ កម្លាំងនគរបាលក្រុងស្វាយរៀង បានឃាត់ខ្លួនក្រុមក្មេងទំនើង៥នាក់ ដែលបានធ្វើសកម្មភាពជិះម៉ូតូដេញវាយគ្នាបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា នៅវេលា​ម៉ោង​ ២២៖៣០​នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានទទួលព័ត៌មានថា មាន​ក្មេង​ទំនើង​ ១ក្រុម​ កំពុង​ធ្វើសកម្មភាពជិះម៉ូតូដេញវាយគ្នា​ ស្ថិតក្នុងភូមិ​រោង​បន្លែ​ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ក្រោយទទួលបានព័ត៌មានរួចមក និងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលបាលខេត្តស្វាយរៀង, កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដឹក​នាំ​ដោយ​លោក​វរសេនីយ៍ឯក កែន​ វិទ្ធី​ អធិការ​នគរបាល​ក្រុង​ស្វាយរៀង​ បាន​អង្កេត​ស្រាវជ្រាវ និងត្រួត​ពិនិត្យ​កន្លែងកើត​ហេតុ​ រួចសមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យចំនួន២នាក់ ប្រុស​ និង​បន្ត​ស្រាវជ្រាវ​ ទៀតឈានទៅឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​បន្ថែម​ទៀត​។

បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង៥នាក់ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕