Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ពីការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

17-07-2025 13:44

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ អញ្ជើញចូល​ព្រះ​បរមរាជវាំង ដើម្បីក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត ​អំពីលទ្ធផលរាជរដ្ឋាភិបាលទើបសម្រេច​បានក្នុងការចុះបញ្ជីបូជនីយដ្ឋាន​ចងចាំ នៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុង​បញ្ជី​បេតិ​កភណ្ឌពិភពលោក។

សូមបញ្ជាក់ថា នៅ​ក្នុង​សម័យប្រជុំ​លើក​ទី៤៧ ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ២០២៥ នាទី​ក្រុង​ប៉ារីស ប្រទេស​បារាំង គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក បាន​ពិនិត្យ ពិភាក្សា និង​សម្រេច​ជា​ឯកច្ឆន្ទចុះ «​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​​​ផ្សះផ្សា និង​សន្តិភាព​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ តាមរយៈ​សេចក្ដី​សម្រេចលេខ 47 COM 8B.14។

«​បូជនីយដ្ឋាន​ចងចាំនៃ​កម្ពុជា​» រួមមានទីតាំង​ឧក្រិដ្ឋកម្ម​ក្នុងរបបប្រល័យពូជ​សាសន៍ ប៉ុល ពត ចំនួន៣រួមមាន៖ អតីត​មន្ទីរ​ឃុំឃាំងម​-១៣ (​ស្ថិតនៅ​ព្រំប្រទល់​ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ​) សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង (​ស​-២១) និងមជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក (​ស្ថិតនៅ​រាជធានី​ភ្នំពេញ​)។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បន្ត​ថា ការ​ទទួល​ស្គាល់​ជា​ផ្លូវការនូវ «​បូជនីយដ្ឋាន​ចងចាំនៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​» ជា​បេតិក​ភណ្ឌ​​ពិភពលោកនា​ពេលនេះ គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា បន្ទាប់ពី​ការ​ចុះរមណីយដ្ឋាន​មរតក​ប្រវត្តិសាស្ត្រ​នានា​ដូចជា រមណីយដ្ឋាន​អង្គរ (១៩៩២) ប្រាសាទ​ព្រះវិហារ (២០០៨) តំបន់ប្រាសាទ​សំបូរ​ព្រៃ​គុក (២០១៧) និង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ (២០២៣)។

«បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា​» គឺជា​ទីតាំង​ប្រវត្តិសាស្ត្រ​សហ​សម័យ​ដំបូង​គេ​នៅ​កម្ពុជា និង​ក្នុង​តំបន់ ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នា​យុគ​សម័យថ្មី។ សមិទ្ធផល​ទាំងនេះ កើត​ចេញពី​ការចូលរួមនៃ​ការ​ថែរក្សា​ប្រវត្តិសាស្ត្រ​ជាតិ​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗរូប ជាពិសេស​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាប់​មិន​ដាច់​របស់ សម្តេច​​​តេ​ជោ ហ៊ុន សែន និង​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែល​ជានិច្ចកាលតែងតែ​ផ្តល់​អាទិភាព​ខ្ពស់​ដល់​កិច្ច​ការ​​អភិរក្ស និង​ការ​អភិវឌ្ឍ​បេតិកភណ្ឌ​ប្រកប​ដោយ​ចីរភាព រួម​ទាំង​ការ​ការពារ​សច្ច​ភាព ប្រវត្តិសាស្ត្រ​ជាតិ​ឱ្យ​គង់វង្ស​ស្ថិតស្ថេរ។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បន្ត​ទៀត​ថា បំណង និង​មូលដ្ឋាន នៃ​ការ​ចុះ​ «បូជ​នីយ​ដ្ឋាន​ចងចាំ នៃ​កម្ពុជា​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​បង្ហាញ​ពិភពលោក​អំពី​ភាព​រឹងមាំ និង​ប៉ិនប្រសប់​របស់​ប្រជាជាតិ​កម្ពុជា ដែល​បាន​ប្រែក្លាយ «​វាល​ពិឃាដ​» មក​ជា «​ទឹកដី​សន្តិភាព​» មានតម្លៃ​ដ៏​ជ្រាលជ្រៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្មែរ​គ្រប់ៗ រូប ហើយ​​ក៏​ជា​ស្មារតី​ចងចាំ​ដ៏​ថ្លៃថ្លា​បំផុត​របស់​ពិភពលោក មិន​ចំពោះ​តែ​ប្រជាជន​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​មនុស្ស​ជាតិ​ទាំងមូល។

ការ​ចុះបញ្ជី​នេះ ក៏​ជា​ការ​គោរព​រំឭក​ដល់​ជនរងគ្រោះ​ទាំងឡាយ​ពី​អតីតកាល​ដ៏​ឈឺផ្សា​របស់​កម្ពុជា ហើយក៏​ជា​ភស្តុតាង នៃ​ការ​ប្ដូរផ្ដាច់​ការពារ​ដ៏​មុតមាំ​បំផុត​របស់​រាជរដ្ឋា​ភិបាល​​កម្ពុជា​ចំពោះ​អនាគត​យុវជន​ជំនាន់​ក្រោយ ដើម្បី​ធានា​ជា​អមត​នូវ​ស្មារតី​ចងចាំ ការ​រៀនសូត្រ​មេរៀន​ប្រវត្តិសាស្ត្រ និង​ការ​ថែរក្សា​សន្តិភាព ដែល​ជា​រតនវត្ថុ​មិន​អាច​កាត់ថ្លៃ​សម្រាប់​ប្រជាជាតិ និង​ប្រជាជន។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានគូសរំលេច​ថា ចាប់ពី​ពេលនេះ​តទៅ «​បូជនីយ​ដ្ឋាន​​ចងចាំនៃ​កម្ពុជា​» នឹង​ក្លាយ​ជា​ផ្នែក​មួយនៃ​ការ​ចងចាំ​ពិភពលោក ហើយក៏​ជាទី​តាំង​ដែល​មជ្ឈដ្ឋាន​អន្តរជាតិ​ទូទាំង​សកលលោក​ បាន​យល់​កាន់តែ​ច្បាស់​ពី​ទុក្ខ​លំបាក​របស់​ប្រជាជន​កម្ពុជា​ក្នុង​ពេល​អតីតកាល ព្រម​ទាំង​ភាព​រឹងមាំ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​កសាង សន្តិភាព និង​ការ​អភិវឌ្ឍ ក្រោម​ពាក្យស្លោក «​អរគុណ​សន្តិភាព»