Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីកម្មវិធីអភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

17-07-2025 13:13

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសាន់&មូន លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីកម្មវិធីអភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ស្ថាប័នសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានាសរុបប្រមាណ ១៧០រូប។

សូមជម្រាបថា កម្មវិធីអភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា CCRWGP ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមដឹកនាំផ្តួចផ្តើមជាគំនិត និងដំណើរការអនុវត្តរយៈពេល៥ឆ្នាំក្រោមការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី។ កម្មវិធីនេះមានគោលបំណងបង្កើតឡើងនូវយុទ្ធសាស្ត្រទឹក ការកសាងផែនការមេ និងការគ្រប់គ្រងធនធានទឹកគ្រប់ជ្រុងជ្រោយ ក្នុងលក្ខណៈនៃការសម្របសម្រួល បរិយាបន្ន និងឆ្លើយតបទៅនឹងហានិភ័យអាកាសធាតុ។

ថ្លែងក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា លោករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីសារសំខាន់នៃធនធានទឹក ដែលជាដង្ហើមជីវិតនៃប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច និងជីវិតរស់នៅប្រចាំថ្ងៃ ព្រមទាំងបញ្ហាប្រឈមនានាដូចជា ការកើនឡើងនៃតម្រូវការទឹក ការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលមិនត្រឹមតែជាកង្វល់ផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាប្រឈមចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្តិសុខស្បៀង និងសុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ ហើយដែលទាមទារឱ្យមានការរៀបចំយុទ្ធសាស្ត្រ ផែនការមេ និងការគ្រប់គ្រងធនធានទឹកដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានានូវសន្តិសុខទឹក ប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជាគោលការណ៍ ៦ចំណុច ដល់ក្រុមការងារដើម្បីរៀបចំកម្មវិធី CCRWGP ឱ្យមានមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបបានទៅនឹងភាពចាំបាច់នៃអភិបាលកិច្ចទឹកសម្រាប់ប្រទេសកម្ពុជាគឺ៖

ទី១៖ ផ្តើមដឹកនាំដោយរដ្ឋាភិបាលក្នុងភាពជាម្ចាស់
ទី២៖ ផ្តោតលើអភិបាលកិច្ចជាចម្បង
ទី៣៖ មានបរិយាបន្ន និងពិគ្រោះយោបល់
ទី៤៖ បន្តកសាងលើអ្វីដែលបានបង្កើតឡើង
ទី៥៖ ដើរតួជាដំបូលឆ័ត្ររួមសម្រាប់ការសម្របសម្រួល
ទី៦៖ មានភាពជាម្ចាស់រួមគ្នា៕