(ភ្នំពេញ)៖ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអវត្តមានក្នុងការចូលបំភ្លឺជូនតំណាងអយ្យការអមតុលាការក្រុងភ្នំពេញ តាមការកោះនិមន្តលើកទី១ ពាក់ព័ន្ធនឹងបណ្តឹងរបស់ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកា ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា មូលហេតុដែលព្រះតេជគុណមិនបាននិមន្តចូលបំភ្លឺ តាមការកោះហៅរបស់តុលាការនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គឺទី១ ព្រះតេជគុណចង់ឱ្យធ្វើតាមច្បាប់វិន័យសង្ឃជាមុនសិន មុននឹងអនុវត្តតាមច្បាប់ណាមួយទៅលើព្រះសង្ឃសិន។ មូលហេតុទី២ គឺដីកាកោះហៅ របស់តុលាការដែលនិមន្តព្រះតេជគុណ មិនបានប្រគេនជូន ព្រះតេជគុណ ដោយផ្ទាល់ឡើយ គឺប្រាប់តាមទូរស័ព្ទ ដូចនេះព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា មិនអាចទទួលយកបាននោះទេ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា «អាត្មាភាព នឹងចូលបំភ្លឺ តាមការកោះហៅរបស់តុលាការ បើសិនជាធ្វើការងារត្រឹមត្រូវតាមច្បាប់។ អាត្មាភាព ចូលចិត្តអាអ្វីដែលត្រឹមត្រូវ អាត្មាក៏មិនគេចវេសឡើយ បើអ្វីៗធ្វើដោយត្រឹមត្រូវ»។
ទាក់ទងនឹងករណីនេះ ព្រះរាជអាជ្ញារង ស្រី ម៉ាក់នី បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ មិនបាននិមន្តតាមការកោះហៅរបស់តុលាការ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះឡើយ ហើយនេះជាដីកាកោះហៅលើកទី១ របស់តុលាការ។ យ៉ាងណាក៏ដោយ ព្រះរាជអាជ្ញារង ស្រី ម៉ាក់នី សុំមិនធ្វើអត្ថាធិប្បាយបន្ថែមលើ នីតិវិធីបន្តទៀតលើដីកាកោះនិមន្ត ព្រះតេជគុណ ប៊ុត ប៊ុនតិញបន្តទៀតឡើយ។
សូមបញ្ជាក់ថា លោក ម៉ម សូណង់ដូ បានដាក់ពាក្យប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ កាលពីដើមខែកញ្ញា ឆ្នាំ២០១៦ ដោយទាមទារសំណងជំងឺចិត្ត១ម៉ឺនរៀល ដោយចោទប្រកាន់ថាបរិហារកេរ្តិ៍។ ក្នុងបណ្តឹងនោះ លោក ម៉ូម សូណង់ ដូ សំណូមពរតុលាការពិចារណាជំរុញឲ្យមានផ្សឹកព្រះតេជគុណ ប៊ុត ប៊ុនតិញ ផងដែរ។ លោក ម៉ម សូណង់ដូ បានចោទព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាបរិហារថា ការចាកចេញពីគណបក្សសង្គ្រោះជាតិ របស់លោកទៅបង្កើតគណបក្សថ្មីនោះ ដោយសារតែមិនបានធ្វើជាតំណាងរាស្រ្ត៕