(រតនគិរី)៖ មន្ត្រីនគរបាលកងវរការពារព្រំដែនលេខ៦២៣ ចំនួន២នាក់ កំពុងរងការរិះគន់យ៉ាងខ្លាំង ពីប្រជាពលរដ្ឋ ដែលបានមើលឃើញពីទង្វើខុសឆ្គង ដោយសារអ្នកទាំងពីរ បានលួចនាំចេញបារីចូលតាមច្រករបៀងភ្នំក្រហម និងច្រករបៀងភូមិឡុំ។
ប្រជាពលរដ្ឋមួយចំនួន បានអះអាងថា «សកម្មភាពនេះ គឺផ្ទុយស្រឡះពីបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលធ្លាប់បានប្រកាសឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ ត្រូវបិទច្រករបៀងមិនឲ្យដឹកទំនិញចេញ-ចូល»។
មន្រ្តីនគរបាលទាំង២នាក់ខាងលើ ត្រូវបានគេស្គាល់ថា ទី១.ឈ្មោះ យ៉ាត មានតួនាទីប្រធានប៉ុស្តិ៍ច្រករបៀងភ្នំក្រហម និងទី២.ឈ្មោះ ពៅ សំអ៊ាន ហៅស៊ីកយ មានតួនាទីអនុប្រធានប៉ុស្តិ៍ច្រករបៀងភូមិឡុំ ដែលអង្គភាពទាំង២នេះ ចំណុះឲ្យកងវរការពារព្រំដែនលេខ៦២៣។
បើតាមសមត្ថកិច្ចថ្នាក់ក្រោមម្នាក់ ដែលប្រចាំការនៅច្រករបៀងខាងលើ (សូមមិនបញ្ចេញឈ្មោះ) បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា «ការនាំចូលបារី Z និងបារី ESSE តាមច្រករបៀងខាងលើនេះ ប្រព្រឹត្តទៅជាយូរឆ្នាំមកហើយ ប៉ុន្តែពុំដែលឃើញសមត្ថកិច្ចខាងណា មកធ្វើការត្រួតពិនិត្យនោះទេ ពោលគឺដឹកឡើងរូងផ្លូវតែម្តង ហើយថៅកែខ្មែរនោះ ជាសមត្ថកិច្ច (ប្រធានអង្គភាព) ប្រចាំការនៅទីនោះផងដែរ»។
ប្រភពព័ត៌មានខាងលើ បានបង្ហើបថា «ទំនិញបារីទាំងនេះ មានតែមបង់ពន្ធចូលលក់ដុំ-រាយ នៅស្រុកខ្មែរ តែលួចនាំចេញតាមច្រករបៀងទាំង២ខាងលើ ទៅប្រទេសវៀតណាម វៀតណាមច្បាប់ហាម មិនឲ្យប្រជាជនគេ ជក់បារីនាំចូលីក្រៅស្រុកនោះទេ គឺត្រូវប្រើប្រាស់ផលិតផលក្នុងស្រុក ដូចជាបារីហេរ៉ូ ប៉ុន្តែបើលួចនាំចូលលក់ចែក ចាយត្រូវប្រឈមមុខផ្លូវច្បាប់»។
ពាក់ព័ន្ធនឹងមន្រ្តីនគរបាលទាំង២នាក់ នេះដែរ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ភ្នាក់ងារ Fresh News មិនអាចសុំការបំភ្លឺពីលោក ញ៉ែម សំអឿន អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី និងលោក ជួប ចំរើន ប្រធានសាខាគយ និងរដ្ឋាករខេត្តរតនគិរី បានទេ៕