(បន្ទាយមានជ័យ)៖ លោក សី ស៊ីល័យ នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត ដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ ជាច្រើនរូប នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ពាក់កណ្តាលយប់ បានចុះបង្ក្រាបរាល់បទល្មើស នេសាទដែលប្រជាពលរដ្ឋ និងជនខិលខូលលួចនេសាទខុសច្បាប់ ក្នុងតំបន់ទេសចរណ៍អូរខៃដន ហៅទំនប់កុកអាន ក្រុងប៉ោយប៉ែត។
លោក សី ស៊ីល័យ នាយរងខណ្ឌរដ្ឋបាលជលផលបានថ្លែងថា ដោយមានការយកចិត្តទុកដាក់ ចំពោះបទល្មើសនេសាទរដ្ឋបាលជលផលបន្ទាយមានជ័យ បានចុះបង្ក្រាបបទល្មើសនេសាទដែលដាក់ព្រួល ស្បៃលូ និងម៉ាញ នេសាទខុសច្បាប់ ដើម្បីការពាររាល់មច្ចាជាតិចម្រុះនៅក្នុងទំនប់អូរខៃដន ហៅទំនប់កុកអាន ក្រោយមានការរាយការណ៍ពី ប្រជាពលរដ្ឋបានលួចដាក់ព្រួលស្ទៀកចាប់យកត្រី តាមប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រក្នុងទំបន់អូរខៃដន ហៅទំនប់កុកអាន លោកក៏ចុះអនុវត្តន៍ភ្លាមៗ តែម្តង។
សូមបញ្ជាក់ថា ក្រោយពេលចុះបង្ក្រាបទទួលបានលទ្ធិផល រួមមាន ស្បៃលូចំនួន២៧ដៃ ស្មើរនឹង៣៧៥ម៉ែត្រ ម៉ាញ២សៃ ស្មើនឹង៥០ម៉ែត្រ បង្គោលចំនួន២៦៥បង្គោល និងប្រលេងកូនត្រីចម្រុះ ជាច្រើនគីឡូក្រាម ផងដែរ។
ជាមួយគ្នានោះដែរ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានលើកឡើងថា សូមឲ្យប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ ដែលនេសាទនៅក្នុងអូរខៃដន ហៅទំនប់កុកអាន កុំនេសាទខុសច្បាប់ឲ្យសោះ នេសាទដោយយកឧបករណ៍នេសាទយកកូនត្រី ពពួកមច្ចាជាតិ ដែលហាមឃាត់ មិនដូច្នោះទេនិងបាត់បង់ជាមិនខាន់។ លោកបន្តថា អូរខៃដន ហៅទំនប់កុកអាន ជាតំបន់ទេសចរណ៍មួយទើបនឹងបង្កើត មួយណាតំបន់នេះមានពពួកមច្ចាជាតិចម្រុះជាច្រើន សត្វស្លាបចម្រុះ ដូច្នេះសូមកុំឲ្យមាននេសាទខុសច្បាប់ និងប្រមាញសត្វស្លាបឲ្យសោះ ហើយទាំងអស់គ្នាចូលរួមការពារ និងរក្សាដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ។
លោកអភិបាលក្រុង បានសង្គត់ធ្ងន់ថា «ប្រសិនជាប្រជានេសាទណាហ៊ាន នេសាទខុសច្បាប់យើង មន្ត្រីជំនាញនឹងចាប់ផ្តន្ទាទោសតាមច្បាប់ជាធរមាន តែប្រជានេសាទ នេសាទ លក្ខណៈគ្រួសារអាចតាម និងអាចនេសាទសម្រាប់យកទៅលក់ដូរតាមចិត្តរបស់ប្រជាពលរដ្ឋ និងប្រជានេសាទ ដើម្បីចិញ្ចឹមជីវភាពគ្រួសារ»៕