Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា

16-07-2025 20:20

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham)។

ពិធីនេះ ដោយមានការអញ្ជើញចូលរួមពី លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួង និងCADT ព្រមទាំងសហការីនៃ EuroCham នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការគ្នារវាង CADT និង EuroCham សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថល ការបញ្ជ្រាបការយល់ដឹង និង ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ដើម្បីបំពេញតម្រូវការ ក្នុងវិស័យឌីជីថលដែលកំពុងរីកចម្រើន។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី និងលោក Gabriele បានពិភាក្សា និងផ្លាស់ប្តូរយោបល់នៃការវិវត្ត ក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងការអភិវឌ្ឍធនធាន មនុស្សឌីជីថល ជាពិសេសផ្តោតលើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh កម្មវិធី DG SuperApp និងគំនិតផ្តួចផ្តើមបង្កើតសួនឌីជីថល (Digital Park)។

មុននឹងបញ្ចប់ លោករដ្ឋមន្រ្តី និងលោក Gabriele ក៏ដូចជា CADT និង EuroCham បានគូសបញ្ជាក់អំពីការគាំទ្រគ្នាទៅវិញទៅមក ក្នុងគោលដៅចូលរួមចំណែក ក្នុងការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្សឌីជីថល៕