(កំពត)៖ កម្លាំងនគរបាលខេត្ត ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ  ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត ខាន់ សុផល កម្លាំងជំនាញឈានទៅបង្ក្រាបបានករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់ ស្រីម្នាក់ ដកហូតវត្ថុតាង មានថ្នាំញៀនមួយចំនួន។  

ប្រតិបត្តិការនេះ ត្រូវបាន​ធ្វើឡើងនៅម៉ោង៧៖៤០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។

មន្ត្រីនគរបាល នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលឃាត់ខ្លួនបាន ទី១៖ឈ្មោះ អ៊ុ វីរៈ ​អាយុ៣២ឆ្នាំ ទី២៖ឈ្មោះ តាំង យុង​ អាយុ៤១ឆ្នាំ ទី៣៖ឈ្មោះ យ៉ាន សុភ័ក្រ អាយុ២៣ឆ្នាំ និង​ទី៤៖​ឈ្មោះ សៀង ណា ភេទស្រី អាយុ៤៤ឆ្នាំ​។

នគរបាលបញ្ជាក់ថា ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ ដកហូតបាន ម្សៅក្រាមពណ៌ស​២កញ្ចប់​, ថ្នាំញៀនចម្រាញ់រួច​៣កញ្ចប់​, ជញ្ជីងថ្លឹង​១គ្រឿង, គ្រាប់កាំភ្លើងK54ចំនួន ១១គ្រាប់, គ្រាប់កាំភ្លើងK59 ១គ្រាប់, ស្នាប់ដៃ​១, ស្រោមកាំភ្លើងខ្លីពណ៌ខ្មៅ​១, ក្រដាសអាលុយមីញ៉ូម ​២ដុំ និងសម្ភារសម្រាប់ជក់គ្រឿងញៀន មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង​៤នាក់ កំពុងកសាងសំណុំរឿង ដើម្បី​ចាត់ការបន្ដតាមនីតិវិធី៕