(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ជាប្រធានគណនេយ្យ បម្រើការក្នុងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរមួយ ពាក់ព័ន្ធនឹងករណីកិបកេងលុយក្រុមហ៊ុន ដែលខ្លួនបានបម្រើការនោះ អស់ជាង១លានដុល្លារ។
ជនសង្ស័យមានឈ្មោះ ម៉ាក មុនីរ័ត្ន អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បម្រើការក្នុងក្រុមហ៊ុន មីតស៊ីអូអេសខេឡាញ ដឹកជញ្ជូនអ្នកដំណើរ ដែលការចុះឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
សមត្ថកិច្ចបានរៀបរាប់ថា ឈ្មោះ ម៉ាក មុនីរ័ត្ន បានចូលបម្រើការងារឲ្យក្រុមហ៊ុនខាងលើ តាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៦ ក្នុងឋានៈជាប្រធានគណនេយ្យក្រុមហ៊ុន។ ថ្មីៗនេះ ក្រុមហ៊ុនបានរកឃើញថា ឈ្មោះ ម៉ាក មុនីរ័ត្ន បានដកប្រាក់ក្រុមហ៊ុនអស់ ជាង១លានដុល្លារ ក្នុងនោះក្រុមហ៊ុនបានអះអាងថា មានសែក៤សន្លឹកជាភស្តុតាង។
ប្រភពខាងលើបានបន្តថា សែក៤សន្លឹកនោះ ត្រូវឈ្មោះ ម៉ាក មុនីរ័ត្ន កោសលុបឈ្មោះក្រុមហ៊ុន ដាក់ឈ្មោះខ្លួនឯងផ្ទាល់ (ម៉ាក មុនីរ័ត្ន) ដើម្បីកេងយកប្រយោជន៍ ពីក្រុមហ៊ុន ហើយជនខាងលើ ក៏បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានកែច្នៃឯកសារនោះមែន តែការបាត់បង់ទឹកប្រាក់មានត្រឹម ៣ម៉ឺនដុល្លារអាមេរិក ប៉ុណ្ណោះទេ។
សមត្ថកិច្ចបានធ្វើរបាយការណ៍ យោងតាមពាក្យបណ្តឹងរបស់ភាគីរងគ្រោះ បានចោទប្រកាន់ឈ្មោះ ម៉ាក មុនីរ័ត្ន ចំនួន២បទល្មើស រួមមាន៖ ទី១.បទក្លែងលិខិតឯកជន និងទី២.បទរំលោភលើសេចក្ដីទុកចិត្ត មានន័យថា ក្នុងនាមខ្លួនជាប្រធានគណនេយ្យក្រុមហ៊ុន បានកិបកេងលុយក្រុមហ៊ុន ថែមទាំងហ៊ានក្លែងឯកសារ របស់ក្រុមហ៊ុនទៀត។
លោក ហ៊ឹង ប៊ុនថន បានឲ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកានេះថា ក្រោយពីធ្វើការសាកសួរចប់សព្វគ្រប់ លោកក៏បានសម្រេចចោទប្រកាន់ជាផ្លូវការ និងបញ្ជូនទៅចៅក្រម ស៊ើបសួរបន្តនីតិវិធី ទើបបានសម្រេចឃុំខ្លួនជនជាប់ចោទ ឈ្មោះ ម៉ាក មុនីរ័ត្ន តែម្ដង៕