(កណ្ដាល)៖ ករណីអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង រវាងកូនប្រុសបង្កើតវាយម្ដាយរបស់ខ្លួន បណ្ដាលឲ្យរងរបួស ដោយគ្រាន់តែរឿងមិនដាំបាយហូប ក្រោយមកជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង។
បើតាមរបាយការណ៍របស់នគរបាល បានឲ្យដឹងថា ករណីអំពើហិង្សានេះ កើតឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលបង្កដោយជនសង្ស័យ ឈ្មោះ រិទ្ធ ឡៃហ៊ាង ហៅអូនទូច អាយុ២៤ឆ្នាំ ត្រូវជាកូនប្រុសបង្កើតរបស់ជនរងគ្រោះឈ្មោះ មៀល សុខន អាយុ៥៣ឆ្នាំ។
មន្ដ្រីនគរបាលបញ្ជាក់ថា មុនពេលកើតហេតុ ម្ដាយដែលជាជនរងគ្រោះ បានមកពីរកស្មៅគោ លុះមកដល់កូនប្រុសដែលជាជនសង្ស័យបានសួរថា «នៅផ្ទះមិនដាំបាយស៊ី» ហើយជនរងគ្រោះបានសួរវិញថា «ប្រពន្ធហ្ហែងនៅផ្ទះក៏មិនដាំ បាយស៊ីផងទៅ» ពេលនោះជនសង្ស័យបានឆ្លើយវិញថា «ប្រពន្ធខ្ញុំទៅរកត្រីជាមួយខ្ញុំ»។ ភ្លាមនោះ អ្នកទាំងពីរបានឈ្លោះប្រកែកគ្នាទៅវិញទៅមក ស្រាប់តែជនសង្ស័យ ខឹងបានចាប់ម្តាយខ្លួន បោកផ្ទប់នឹងគ្រែ បណ្តាលឲ្យពកក្បាលខាងឆ្វេងមួយកន្លែង រួចបានបោកឆ្នាំងបាយ ទាត់ក្រឡអំបិល បោកកៅអីជ័របាក់អស់៣ និងបោកទូរទស្សន៍បែក១គ្រឿង ទៅដីបណ្តាលឲ្យខូចខាតរួចរត់គេចខ្លួនបាត់តែម្តង។
ក្រោយមកកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកអំបិល បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃម្សិលមិញនេះ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងចាត់ការបន្ដ៕