(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សន្និសីទស្រូវអង្ករពិភពលោក ដែលរៀបចំឡើងនៅខេត្តឈៀងម៉ៃ ប្រទេសថៃ បានចាប់ផ្តើមជាផ្លូវការហើយ។
សន្និសីទស្រូវអង្ករពិភពលោកនេះ មានរយៈពេល២ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ នឹងបញ្ចប់នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា អំឡុងពេលសន្និសីទនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បាននាំយកអង្ករល្អបំផុត ដោយការធ្វើតេស្តអង្ករនិងវាយតម្លៃអង្ករ ពីសំណាក់សហព័ន្ធចុងភៅកម្ពុជា មន្ត្រីសហព័ន្ធស្រូវអង្ករកម្ពុជា និង តំណាង់ក្រសួងពាណិជ្ជកម្ម សម្រាប់ចូលរួមប្រកួតប្រជែងគុណភាពអង្ករលេខមួយប្រចាំឆ្នាំ។
សហព័ន្ធបានបញ្ជាក់ថា ក្រៅពីការយកអង្ករមកប្រកួតគុណភាព ដែលទទួលបានពីម្ចាស់រោង ម៉ាស៊ីន អ្នកនាំចេញ និងសហគមន៍កសិកម្ម សហព័ន្ធក៏បាននាំយកផលិតផលអង្ករល្អៗ ដែលសមាជិករបស់សហព័ន្ធ បានឧបត្ថម្ភ ក្នុងនោះមាន ក្រុមហ៊ុន នីកូលីន និង ក្រុមហ៊ុន បាយ័នស៊ីរៀល និង ក្រុមហ៊ុន ព្រមទាំងរោងម៉ាស៊ីនមួយចំនួនទៀត ដើម្បីតាំងបង្ហាញដល់អ្នកចូលរួមមកពីជុំវិញពិភពលោក។
លទ្ធផលនៃការធ្វើប្រកួតប្រជែងគុណភាពអង្ករ និងត្រូវប្រកាសនៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ពោលគឺនៅមុនបិទបញ្ចប់សន្និសីទ ស្រូវអង្ករលើកទី៨នេះ៕