(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមនៃសំណុំរឿង លោកស្រី ថាក់ ឡានី នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះហើយ ពាក់ព័ន្ធនឹងការចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ដោយមិនមានមូលដ្ឋាន។
អ្នកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៉ី ត្រូវបានតុលាការចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់លោកស្រីនិយាយចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ជាអ្នកបាញ់សម្លាប់ លោក កែម ឡី នៅក្នុងវេទិកាមួយនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ។
លោកមេធាវី គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យដឹងកន្លងមកថា ការចោទប្រកាន់ដោយមិនមានភស្តុតាងរបស់ លោកស្រី ថាក់ ឡានី ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសសម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ លោកបានដាក់ពាក្យបណ្ដឹងប្តឹងអ្នកស្រី ថាក់ ឡានី ដោយសំណូមពរឲ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀល៕