(កំពត)៖ ក្រុមចោរប្លន់៤នាក់ប្រដាប់ដោយអាវុធខ្លី១ដើម បានធ្វើសកម្មភាពចូលប្លន់ផ្ទះទិញស្រូវមួយកន្លែង ដោយបាញ់ប្រហារ៣គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិធ្នង់ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។
លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត បានប្រាប់អង្គភាព Fresh News នៅព្រឹកនេះថា នៅយប់មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើង ដោយក្រុមចោរមានគ្នា៤នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម មិនចាំម៉ាក ហើយបានចូលប្លន់ផ្ទះពលរដ្ឋដែលរកស៊ីទិញស្រូវ ឈ្មោះ ឌុន ធីម អាយុ៤២ឆ្នាំ ដោយក្នុងនោះក្រុមចោរបានបាញ់ប្រហារចំនួន៣គ្រាប់ បណ្ដាលឲ្យម្ចាស់ផ្ទះរងរបួសប្រអប់ជើងខាងស្ដាំ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។
លោកស្នងការបន្ថែមថា ក្រោយពីមានការភ្ញាក់ផ្អើលក្រុមចោរបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល ដោយមិនបានយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះនោះទេ។ លោកស្នងការបញ្ជាក់ថា ក្រុមចោរប្រដាប់អាវុធនេះ ធ្វើសកម្មភាពដោយថ្នើរជើង ដើរលុយទឹកមកពីខាងក្រោយផ្ទះរបស់ជនរងគ្រោះ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញរបស់លោក និងកម្លាំងជំនាញពាក់ព័ន្ធ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងក្រុមជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕