Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគារសិក្សា១ខ្នង នៅឃុំកំពង់ស្រឡៅពីរ ជាប់ព្រំដែនឡាវ ត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់,អភិបាលខេត្តព្រះវិហារ អំពាវនាវអាណាព្យាលត្រូវជំរុញកូនឱ្យប្រឹងរៀនសូត្រ ពិសេសឱ្យចេះអក្សរខ្មែរស្ទាត់ មុនចេះភាសាបរទេស

14-07-2025 21:55

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់អាណាព្យាបាលគ្រប់រូប ត្រូវជំរុញកូនចៅឱ្យខិតខំរៀនសូត្រ ឱ្យចេះអក្សរខ្មែរស្ទាត់ ដែលជាភាសាជាតិកំណើតរបស់យើង មុននឹងចេះភាសាបរទេសផ្សេងទៀត ពិសេសគឺភាសាអង់គ្លេស។

ការថ្លែងអំពាវនាវរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកនិងភរិយា គឺលោកស្រី សុខា គងពិសី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាដែលត្រូវបានជួសជុល និងសាងសង់ជាថ្មី ១ខ្នង ២បន្ទប់ នៅសាលាបឋមសិក្សាកំពង់ព្រះឥន្ទ ស្ថិតក្នុងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។

លោក គីម រិទ្ធី បានថ្លែងណែនាំបន្ថែមដល់លោកគ្រូអ្នកគ្រូ ដែលកំពុងបង្រៀនសិស្សនៅក្នុងសាលា ត្រូវនិយាយភាសាខ្មែរ ហាមនិយាយភាសាបរទេសនៅក្នុងសាលា។
លោកក៏អំពាវនាវដល់អាណាព្យាបាលរបស់សិស្ស ត្រូវជំរុញឱ្យកូនប្រឹងរៀនភាសាខ្មែរ ដែលជាភាសារគោល ប៉ុន្តែបើចង់រៀនភាសាបរទេស លោកលើកទឹកចិត្តឱ្យរៀនភាសាអង់គ្លេស ដោយលោកថាបើយើងជាខ្មែរ នៅដីខ្មែរ អត់ចេះខ្មែរ យើងរកការងារអត់បានធ្វើទេ។

លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងលើកឡើងទៀតថា បងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនេះ និងប្រជាពលរដ្ឋឡាវ មានការទំនាក់ទំនងល្អជាមួយគ្នា ស្រលាញ់រាប់អានគ្នាជាលក្ខណៈប្រពៃណីយូរមកហើយ ដូច្នេះត្រូវរក្សាទំនាក់ទំនងនេះឱ្យបានល្អប្រសើរ។ ត្រូវចុះបញ្ជីកំណើត និងមានអត្តសញ្ញាណបណ្ណច្បាស់លាស់ កុំឱ្យនៅដីខ្មែរគេហៅថាឡាវ និងនៅដីឡាវគេហៅថាខ្មែរ។

លោក គីម រិទ្ធី ក៏បានថ្លែងណែនាំផងដែរដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹងសន្តិសុខនៅតាមព្រំដែន នឹងឈានទៅកំណត់គ្រប់ផ្ទះទាំងអស់ ក្លាយជាកំពង់ផែទាំងអស់ទេ? មានន័យថាមិនអាចផ្ទះមួយ កំពង់ផែមួយនោះទេ។

លោកថាប្រទេសមានច្បាប់ ច្បាប់នៃការនាំចូល ច្បាប់អន្តោប្រវេសន៍ ច្បាប់គយ ដូច្នេះត្រូវរៀបចំឱ្យមានអាជ្ញាបណ្ណ ថាតើកន្លែងណាអាចនាំចូលបាន ដើម្បីបង់ពន្ធ ដើម្បីគ្រប់គ្រងថាតើជាទំនិញស្របច្បាប់ ឫទំនិញខុសច្បាប់? ដូច្នេះយើងត្រូវរើសទីតាំងកំពង់ផែឱ្យបានច្បាស់លាស់នៅតាមឃុំ ដើម្បីងាយស្រួលគ្រប់គ្រង៕