Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកស្រី ទេស ថាន និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក ញ៉ូវ សាឯម

14-07-2025 17:00

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកស្រី ទេស ថាន និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក ញ៉ូវ សាឯម ទីប្រឹក្សាសម្ដេចតេជោប្រធានព្រឹទ្ធសភា និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តកំពត។

ក្នុងសារលិខិតរំលែកមរណទុក្ខ បានសរសេរថា «ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខា ពិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំជាទីបំផុត ដោយបានទទួលដំណឹងមរណភាព របស់ឯកឧត្តម ញ៉ូវ សាឯម ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តកំពត ដែលត្រូវជាស្វាមីរបស់លោកជំទាវ នៅថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:៣២នាទីល្ងាច ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តម គឺពិតជាការបាត់បង់នូវស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយ ព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី បម្រើប្រទេសជាតិនៅគ្រប់កាលៈទេសៈ រហូតដល់បស្ចិមវ័យ រួមវិភាគទានយ៉ាងសកម្មបំផុតក្នុង ការស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នាដែរ ឯកឧត្តមក៏បានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើន តាមរយៈការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនាពេលកន្លងមក។

យើងខ្ញុំសូមចងចាំនូវគំរូវីរភាព មនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម ញ៉ូវ សាឯម និង សូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យបំផុតជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និង សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ញ៉ូវ សាឯម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕