(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ អកអំបុក បណ្ដែតប្រទីប រយៈពេល៣ថ្ងៃត្រូវបានបញ្ចប់ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារជាមន្ត្រី ក្រោមឱវាទចុះមកសំណេះសំណាល ដោយនាំយកនូវអំណោយមានជាគ្រឿងឧភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួន មកចូលរួមជួយឧបត្ថម្ភដល់កីឡាករចំណុះទូក-ង៧២នាក់ ឈ្មោះ «សម្រែករាជសីហ៍» ដែលទទួលបានជ័យជំនះ និងជាទូករបស់វត្តទួលសង្កែ ក្នុងបំណងលើកទឹកចិត្ត និងជួយ រំលែកការខ្វះខាតផ្សេងៗមួយចំនួន។
សកម្មភាពមនុស្សធម៌ របស់ថ្នាក់ដឹកនាំខណ្ឌឫស្សីកែវនេះ ក៏មានការចូលរួមដំណើរពីលោកស្រី អាន ផល្លា ប្រធានសមាគមនារីខណ្ឌ ព្រះតេជគុណ ព្រះមង្គលរក្ខិត សុវណ្ណជោតិ ខឹម សម្បត្តិ ប្រធានសហគមន៍ មូលនិធិនគរកាយ វត្តព្រះពុទ្ធសាសនាកម្ពុជា និងចៅអធិការវត្តញាណរង្សី ចៅសង្កាត់ទួល សង្កែលោក សយ កុសល រួមទាំងមន្ត្រីចំណុះឲ្យសាលាខណ្ឌ ជាច្រើននាក់ផងដែរ ដែលបានប្រព្រឹត្តទៅ ក្នុងបរិវេណវត្តទួលសង្កែ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ដោយរាប់គិតពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី៣ ជាថ្ងៃបង្ហើយ នៃព្រះរាជពិធីបុណ្យអុំទូក ក្នុងនាមអាជ្ញាធរខណ្ឌ បានរួមចំណែកទាំង កម្លាំងកាយចិត្ត និងជាថវិកាចំនួន៨លានរៀល រួមទាំងមួយផ្នែកទៀត បានមកពីការផ្ដួចផ្ដើមឧបត្ថម្ភគាំទ្រ ពីសប្បុរសជននានា ទើបព្រឹកនេះ មន្ត្រីក្រុមការងារ បាននាំយកមកចែកជូន រួមមាន អង្ករ២៥គីឡូក្រាម គោជល់២យួរ ទឹកក្រូច១កេស អាវ២ និងថវិកា១៦ម៉ឺនរៀល ក្នុងម្នាក់ៗ។
ជាមួយគ្នានោះ សមាគមន៍នារីខណ្ឌឫស្សីកែវ ក្រោមការដឹកនាំរបស់លោកស្រី អាន ផល្លា ក៏បានចូលរួមចំណែកឧបត្ថម្ភជាក្រណាត់ សម្រាប់កីឡាករចំណុះទូក-ង «សម្រែករាជសីហ៍» ទាំងអស់គ្នាជិត១០០ដុំ ផងដែរ។
ដោយឡែក ព្រះតេជគុណ ព្រះមង្គលរក្ខិត សុវណ្ណជោតិ ខឹម សម្បត្តិ ប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងជាចៅអធិការ វត្តទួលសង្កែ ក៏បានចូលរួមចំណែក ក្នុងការជួយឧបត្ថម្ភជាថវិកា ដល់កីឡាករចំណុះទូក «សម្រែករាជសីហ៍» ទាំង៧២នាក់ តាំងពីថ្ងៃទី១ រហូតថ្ងៃបញ្ចប់នៃ ព្រះរាជពិធីបុណ្យអុំ ទូកសរុបចំនួន ៣លាន ៦៤ម៉ឺនរៀល ដើម្បីរំលែកការខ្វះខាតផ្សេងៗ។
លោកអភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា តាងនាមឲ្យក្រុមប្រឹក្សាខណ្ឌ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សមាជិក សមាជិការក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរង គណៈនាយក លោកអធិកានគរបាលខណ្ឌ លោកមេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌ ប្រធាន-អនុប្រធាន មន្ត្រីបុគ្គលិកគ្រប់ការិយាល័យ លោកចៅសង្កាត់ ប្រជាការពារខណ្ឌ សង្កាត់ យុវជនខណ្ឌ សង្កាត់ និងមន្ត្រីសម្របសម្រួលចរាចរ របស់រដ្ឋបាលខណ្ឌ ដែលបានយកអស់ទាំងកម្លាំងកាយចិត្តចូលរួមយ៉ាងសកម្ម លើផែនការអនុវត្តតាមគោលដៅ ដែលបានកំណត់ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ដើម្បីរក្សាការពារសន្តិសុខ សុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋទូទៅក្នុងរយៈពេល ៣ថ្ងៃជាប់គ្នា ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ជាពិសេសបញ្ហាដុំកំប្លោកលើផ្ទៃទន្លេក៏ទទួលបានជោគជ័យផងដែរ៕