(ភ្នំពេញ)៖ យោងតាមបណ្តឹងនៅសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកានេះថា ជនរងគ្រោះជិះរថយន្តព្រុសឈ្មោះ ខែម ប៊ុនឃីម ភេទប្រុស ៣២ឆ្នាំ បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងមនុស្សប្រហែល១០នាក់ ដែលបានជិះរថយន្ត៤គ្រឿង, ដោយក្នុងនោះមានរថយន្តមួយគ្រឿងពាក់ស្លាកលេខ៖ ភ្នំពេញ 2AL.7397 មានកាំភ្លើងខ្លី២ដើម អត់ស្គាល់ម៉ាក។ ចំណែកជនរងគ្រោះមិនបានអះអាងថា ម្ចាស់រថយន្តពាក់ស្លាកលេខ 2AP.9090 មានកាំភ្លើង ដូចគេឃើញក្នុងវិដេអូនោះទេ។
លោក ខែម ប៊ុនឃីម បានបញ្ជាក់នៅក្នុងពាក្យបណ្តឹងយ៉ាងដូច្នេះថា «សំណើសុំប្តឹងជនសង្ស័យមានគ្នាប្រហែល១០នាក់ ភេទប្រុស ជិះរថយន្តបួនគ្រឿង មានមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស ស៊េរី២០០៣ ពាក់ស្លាក់លេខ 2AL.7397 ភ្នំពេញ មានអាវុធខ្លីពីរដើមអត់ស្គាល់ម៉ាក បានធ្វើសកម្មភាពវ៉ែមកលើខ្ញុំ របួសធ្ងន់ធ្ងរ និងខូចរថយន្តកាលពីម៉ោង ២៣៖០០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦»។
កាលពីម្សិលមិញបុរសម្នាក់ដែលជាម្ចាស់រថយន្ត 2AP.9090 បានស្នើសុំការបំភ្លឺជូនសារធារណជនថា ខ្លួនមិនបានប្រើប្រាស់កាំភ្លើងដូច្នេះគេបង្ហោះលើ បណ្តាញសង្គមនោះទេ ប៉ុន្តែរូបគាត់បានអះអាងថា គាត់ពិតជាបានចូលរួមក្នុងហេតុការណ៍នោះមែន។ ប៉ុន្តែការចេញផ្សាយព័ត៌មាននេះត្រូវបានបងប្អូន នៅលើបណ្តាញមួយចំនួនមើលច្រឡំថា «នៅក្នុងហេតុការណ៍នោះមិនបានប្រើប្រាស់កាំភ្លើងទៅវិញ, ការពិតអត្តបទព័ត៌មានម្សិលមិញរបស់ Fresh News គ្រាន់តែជាការបំភ្លឺរបស់ម្ចាស់រថយន្ត 2AP.9090 តែបុគ្គលម្នាក់ប៉ុណ្ណោះថា «ខ្លួនមិនមានកាំភ្លើងទេ គឺអ្នកផ្សេងទេជាអ្នកប្រើកាំភ្លើង»។
* ទោះបីយ៉ាងណា ស្នើសុំអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ចំពោះការប្រព្រឹត្តិអំពើហិង្សាវាយតប់បែបនេះ ដើម្បីសណ្តាប់ធ្នាប់សង្គម៕