Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សប្រជាជនកម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពលោក ញូ៉វ សាឯម សមាជិកគណៈកម្មាធិការកណ្ដាល និងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន

14-07-2025 11:43

(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្ដែងនូវទុក្ខក្រៀមកំ ប្រកបដោយក្តីក្តុកក្តួលបំផុតដោយ លោក ញូ៉វ សាឯម សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៣២នាទី ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវការសោកស្តាយ គ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះការបាត់បង់លោក ញូ៉វ សាឯម និងសូមកត់ត្រាទុក នូវរាល់ស្នាដៃ និងគុណបំណាច់របស់លោក ដែលធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព លោក ញូ៉វ សាឯម ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភពកុំបីខានឡើយ។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមប្រគល់ភារកិច្ចជូនគណៈ កម្មាធិការគណបក្សខេត្តកំពត ចូលរួមជាមួយគ្រួសារនៃសពដើម្បីចាត់ចែងពិធីបុណ្យ លោក ញូ៉វ សាឯម ឲ្យបានល្អប្រសើរសមស្របតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាខ្មែរ៕