តុលាការផ្តន្ទាទោសលោកស្រីឧកញ៉ា សៀង ចាន់ហេង ដាក់ពន្ធនាគារ១ឆ្នាំ រឿងក្លែងឯកសារផ្ទេរសិទ្ធិស៊ីដាច់ដីក្រុមហ៊ុនវិនិយោគចិន១៤៧ហិកតា
16-11-2016 16:36
(ភ្នំពេញ)៖ មន្រ្តីតុលាការបានបញ្ជាក់ឲ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកានេះ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសលោកស្រីឧកញ៉ា សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍអភិវឌ្ឍន៍ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យ៣លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៤០០លានរៀល ពាក់ព័ន្ធការក្លែងបន្លំឯកសារផ្ទេរសិទ្ធិ ដើម្បីស៊ីដាច់ដីក្រុមហ៊ុនវិនិយោគចិនចំនួន១៤៦ហិកតា។
លោក ឡុង កេសភីរម្យ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឈ្មោះ សៀង ចាន់ហេង អាយុ៥២ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង តាមមាត្រា៦២៦ មាត្រា៦២៧ និង មាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ។
ពាក់ព័ន្ធករណីនេះ ដើមចមកាលពីអំឡុងឆ្នាំ១៩៩៥ លោកស្រី លឹម ឃី និងមនុស្ស៩នាក់ផ្សេងទៀត បានចូលហ៊ុនគ្នាទិញដីទំហំ១៤៦ហិកតា មានទីតាំងស្ថិតនៅភូមិទឹកល្អក់ ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លុះដល់ឆ្នាំ២០១៣ លោកស្រី លឹម ឃី បានទៅមើលដីទើបដឹងថា ដីនេះត្រូវបានក្រុមគ្រួសារលោកស្រីឧកញ៉ា សៀង ចាន់ហេង លក់ទៅឲ្យឈ្មោះ គង់ សែន និង ប្រពន្ធឈ្មោះ នី គឹមអ៊ាន់។ ផ្តើមចេញពីបញ្ហាទាំងនេះហើយ ទើបលោកស្រី លឹម ឃី ដាក់ពាក្យបណ្ដឹងប្តឹងលោកស្រី ឧកញ៉ា សៀង ចាន់ហេង តែម្ដង៕