(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសទទួលស្គាល់ លោក សួន រីដា ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ដ្រ គណបក្សសង្រ្គោះជាតិមណ្ឌលខេត្តកំពង់ស្ពឺ ឱ្យជំនួស លោក ប៉ែន សុវណ្ណ ដែលទទួលមរណភាព ប៉ុន្តែទោះជាយ៉ាងណា ករណីនេះនឹងត្រូវឆ្លងកាត់ ការបោះឆ្នោតនៅរដ្ឋសភាបន្តទៀត។
លោក សួន រីដា ជាបេក្ខជនតំណាងរាស្រ្តបម្រុងមណ្ឌលកំពង់ស្ពឺរបស់គណបក្សសង្រ្គោះជាតិ ដោយក្រោយមក ត្រូវបានគណបក្សបញ្ជូនឱ្យមកធ្វើជាអនុប្រធាន ក្រុមការងារគណបក្សសង្រ្គោះជាតិនៅភ្នំពេញវិញនោះ ត្រូវបានគណបក្សសង្រ្គោះជាតិ ដាក់ស្នើឱ្យជំនួសតំណែង លោក ប៉ែន សុវណ្ណ ដែលទទួលមរណភាពកាល ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។
ក្រៅពីការប្រកាសទទួលស្គាល់ លោក សួន រីដា ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ដ្រគណបក្សសង្រ្គោះជាតិមណ្ឌលខេត្តកំពង់ស្ពឺ ឱ្យជំនួស លោក ប៉ែន សុវណ្ណ ក្នុងលិខិតរបស់គជប ដែលប្រកាសកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នោះ ក៏បានសម្រេចលុបឈ្មោះ លោក ប៉ែន សុវណ្ណ ពីបេក្ខជនជាប់ឆ្នោតតំណាងរាស្ដ្រ មណ្ឌលខេត្តកំពង់ស្ពឺផងដែរ។
Fresh News មិនទាន់អាចទំនាក់ទំនង លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បាននៅឡើយទេ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕