(ភ្នំពេញ)​៖​ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៦​នេះ សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ​ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ នៃកាកបាទក្រហមកម្ពុជា​ និងសហការី រួមជាមួយមន្ត្រី អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ​ ចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារសព​កីឡាករអុំទូក​.ង​ ២នាក់​ រស់នៅភូមិព្រែកថ្មី​១​ សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ដែលបានទទួលមរណភាព​ កាលពីថ្ងៃទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៦​ ដោយឧបទ្ទវហេតុទូកប៉ះគ្នា​ នៅទន្លេ​៤មុខ​ ខាងមុខព្រះបរមរាជវាំង។

សពជនរងគ្រោះទាំង​ ២នាក់​ មានឈ្មោះ​៖ ១ ឈឿន​ សុខុម​ (ហៅ​ ចន​)​ ភេទប្រុស​ អាយុ​ ៣៣ឆ្នាំ​ មុខរបរជាអ្នកនេសាទ​ និងទី២-សុខ​ ច័ន្ទចេស្តា​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ មុខរបរជាអ្នកធ្វើចំការ។

ស្ថិតក្នុងវេលាដ៏ក្រៀមក្រំនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ​ និងសម្ដែងនូវមរណៈទុក្ខយ៉ាងក្រៀមក្រំពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់សាច់ញាតិជាទីស្រឡាញ់​ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព​ សូមឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។​

ទន្ទឹមនឹងនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានចូលបុណ្យ​នូវបច្ច័យ និងគ្រឿងឧបភោគ-បរិភោគមួយចំនួន សម្រាប់ក្រុមគ្រួសារសពនីមួយៗដើម្បីរៀបចំពិធីបុណ្យ​៧ថ្ងៃ​ នៅថ្ងៃស្អែក​ឱ្យបានសមរម្យទៅតាមប្រពៃណី។

ក្រុមគ្រួសារនៃសពបានសម្ដែង នូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្ត ជ្រះថ្លា សណ្តោសប្រណី ដែលបានចាត់ឲ្យ សហការី នាំយកបច្ច័យ និងគ្រឿងឧបភោគ-បរិភោគមកចូលបុណ្យ និងសូមជូនពរដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមជួបប្រទះតែសេចក្តីសុខ អាយុយ៉ឺនយូរ​ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា​ជួយដល់ជនរងគ្រោះ នៅគ្រប់ទិសទីបន្ថែមទៀត៕