Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីរាជការ នៃរដ្ឋបាលរាជធានី ប្រារព្ធពិធីអបអរសាទរ ចំពោះការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

13-07-2025 09:46

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ឋពិធីអបអរសាទរ នៃការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ខណៈដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទ នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលរាជធានី ប្រារព្ឋពិធីអបអរសាទរ ចំពោះការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង កាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៥ វេលាម៉ោង ៥៖៣៥នាទីរសៀល និងវេលាម៉ោង១០៖៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា។

តបការឆ្លើយតបចំពោះការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្នើគ្រប់អង្គភាពទាំងអស់ទូទាំងប្រទេស ត្រូវអនុវត្តឲ្យបាននូវសារលិខិតលេខ ៣២លសខ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល «ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដោយត្រូវរួមគ្នាធ្វើការ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ០៧៖០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ដើម្បីជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ»