(ព្រះសីហនុ)៖ ជុំវិញករណីរឿងវាយតប់កញ្ញា ពេជ្រ អាវីហ្សា ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅវេលាម៉ោងជិត ១២ថ្ងៃត្រង់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចរបស់លោកបានហៅអ្នកទាំង២នាក់ ទាំង ពេជ្រ អាវីហ្សា និងលោក គៀង ហេង មកសួរនាំហើយ នៅស្នងការដ្ឋាននរគបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត ពីព្រោះការងាររបស់សមត្ថកិច្ច ត្រូវធ្វើដោយជាក់លាក់ និងតាមជំនាញច្បាប់។
ទន្ទឹមគ្នានឹងសាធារណជន កំពុងចែកចាយបន្តនូវករណីអំពើហិង្សាដ៏ធ្ងន់ធ្ងរលើ កញ្ញា ពេជ្រ អាវីហ្សា តារាសម្តែងរបស់ខ្មែរ ហើយធ្លាយព័ត៌មានថា ជនរងគ្រោះ និងជនបង្កបានសម្របសម្រួលគ្នានោះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការសម្របសម្រួល នឹងពុំអាចបញ្ចប់នីតិវិធីរឿងព្រហ្មទណ្ឌបានទេ។
លោក គឹម សន្តិភាព បានផ្ញើសារទៅកាន់ក្រុមអ្នកសារព័ត៌មាន និងសាធារណជន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា «ខ្ញុំសូមបញ្ជាក់ជូនថា ករណីបង្កហឹង្សា ទាំងនេះជាករណីព្រហ្មទណ្ឌ ដែលស្ថាប័នអយ្យការ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធកំពុងចាត់វិធានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ការ ផ្តន្ទាទោសជនល្មើសតាមច្បាប់។ ការសម្របសម្រួលសំណងជាផ្នែកមួយនៃដំណោះស្រាយផ្ទាល់រវាងភាគី តែពុំអាចផ្អាក ឬបញ្ចប់នីតិវិធី ក្នុងរឿងព្រហ្មទណ្ឌបាននោះទេ»។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការដែលជនរងគ្រោះមិនសហការជាមួយស្ថាប័នអយ្យការ និងសមត្ថកិច្ចបានបង្កផលវិបាក ដល់ការស៊ើបអង្កេត ក៏ប៉ុន្តែទោះជាយ៉ាងណាលោកថា ការអនុវត្តតាមនីតិវិធីកំពុងតែដំណើរការទៅមុខ៕