Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ករណីបង្កហិង្សាថ្មីៗនេះ ស្ថាប័នអយ្យការ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ កំពុងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់

16-11-2016 12:48

(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញមុខពន្យល់អំពីនីតិវិធីច្បាប់ ដល់សាធារណជនទាំងឡាយ។ លោកថា ចំពោះរឿងព្រហ្មទណ្ឌ ការសម្របសម្រួល គ្រាន់ជាផ្នែកមួយនៃដំណោះស្រាយ​ ផ្ទាល់រវាងភាគីពាក់ព័ន្ធប៉ុណ្ណោះ ប៉ុន្តែពុំអាចបញ្ចប់នីតិវិធី រឿងព្រហ្មទណ្ឌបានទេ។

ការលើកឡើងរបស់ លោក គឹម សន្តិភាព បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសារព័ត៌មាន ក៏ដូចជានៅលើបណ្តាញទំនាក់ទំនងសង្គមចុះផ្សាយ និងផ្សព្វផ្សាយករណី ហិង្សាមួយចំនួនដែលនាំឲ្យមានការចាប់អារម្មណ៍ពីសំណាក់សាធារណមតិ ទៅលើករណីទាំងនេះ ហើយក៏នាំឱ្យ មានការវាយតម្លៃ ដោយភាពភ័ន្តច្រឡំណាមួយ ទៅលើការអនុវត្តច្បាប់ របស់សមត្ថកិច្ចនិងស្ថាប័នតុលាការចំពោះករណីទាំងនេះ។

លោក គឹម សន្តិភាព បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា «ខ្ញុំសូមបញ្ជាក់ជូនថា ករណីបង្កហឹង្សាទាំងនេះ ជាករណីព្រហ្មទណ្ឌ ដែលស្ថាប័ន អយ្យការ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ កំពុងចាត់វិធានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ការផ្តន្ទាទោសជនល្មើសតាមច្បាប់។ ការសម្រប សម្រួលសំណង ជាផ្នែកមួយនៃដំណោះស្រាយផ្ទាល់រវាងភាគី តែពុំអាចផ្អាក ឬបញ្ចប់នីតិវិធី ក្នុងរឿងព្រហ្មទណ្ឌបាននោះទេ»

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា កន្លងមកមានករណីខ្លះ ជនរងគ្រោះពុំបានសហការជាមួយស្ថាប័នអយ្យការ និងសមត្ថកិច្ច បានបង្កផលវិបាកដល់ការស៊ើបអង្កេត ក៏ប៉ុន្តែទោះជាយ៉ាងណាលោកថា ការអនុវត្តតាមនីតិវិធីកំពុងតែដំណើរការទៅមុខ។ លោកថា «ដោយជនរងគ្រោះ មួយចំនួន ពុំសហការជាមួយស្ថាប័នអយ្យការ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជាហេតុនាំអោយការ ស៊ើបអង្កេតជួបការលំបាក ព្រោះករណីខ្លះ សក្ខីកម្មសំខាន់ គឺជាជនរងគ្រោះផ្ទាល់តែម្តង។ តែទោះជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតកំពុងដំណើរការទៅមុខ»

យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានអំពាវនាវដល់ជនរងគ្រោះ ប្រជាពលរដ្ឋ និងសាធារណៈមតិផ្តល់ទំនុកចិត្តដល់ ស្ថាប័ន អនុវត្តច្បាប់ និងសូមចូលរួមផ្តល់នូវសាក្ខីកម្មនានា ជូនដល់ស្ថាប័នអយ្យការផងដែរទាក់ទងនឹងករណីទាំងអស់នេះ៕