Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លូវពីរង្វង់មូលដៃប្រាំបី ទៅរង្វង់មូលជ័យវរ្ម័ន ក្នុងក្រុងសំរោង គ្រោងពង្រីកនាពេលខាងមុខ, ថ្ងៃនេះអភិបាលខេត្តឧត្តរមានជ័យ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យជាក់ស្តែង

11-07-2025 15:56

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យជាក់ស្តែង គម្រោងកែលម្អ និងពង្រីកផ្លូវ ពីរង្វង់មូលដៃប្រាំបី ទៅរង្វង់មូលជ័យវរ្ម័ន ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង។

លោក មាន ចាន់យ៉ាដា បានថ្លែងថា សោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធទីសាធារណៈស្រស់ស្អាត ប្រជាពលរដ្ឋរីករាយ ទាក់ទាញភ្ញៀវទេសចរណ៍ នឹងបង្កើនចំណូលកាន់តែប្រសើរ។ ដូច្នេះថ្ងៃនេះលោកបានដឹកនាំក្រុមការងារ ដើម្បីចុះពិនិត្យទីតាំងរង្វង់មូលដៃប្រាំបី ដើម្បីកែលម្អ ជួសជុលនឹងពង្រីកដងផ្លូវពីចំនុចរង្វង់មូលដៃប្រាំបី ឆ្ពោះទៅកាន់រង្វង់មូលជ័យវរ្ម័ន ឱ្យកាន់តែធំទូលាយជាងមុន។

លោកអភិបាលខេត្តថ្លែងបន្តថា ជាការពិតណាស់ក្នុងការអភិវឌ្ឍតែងតែមានផលប៉ះពាល់ ប៉ុន្តែលោកពិតជាសប្បាយចិត្តចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ ដែលពួកគាត់ព្រមសហការយ៉ាងមានស្នាមញញឹម ដើម្បីចង់ឃើញភាពរីកចម្រើនពិសេសសោភ័ណភាពសម្រាប់ទីក្រុងនៃខេត្តភូមិភាគឧត្ដរមួយនេះ។

ក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យលោក មាន ចាន់យ៉ាដា បានថ្លែងប្តេជ្ញាចិត្តនឹងខិតខំបំពេញតួនាទី ភារកិច្ច ឱ្យបានល្អប្រសើរ ក៏ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗតាមដំណាក់កាល ពីមួយជំហានទៅមួយជំហាន ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តឧត្តរមានជ័យឲ្យកាន់តែប្រសើរឡើងថែមទៀត៕