Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមន៍ឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា នាំយកអំណោយឧបត្ថម្ភជូនដល់កងកម្លាំងសមរភូមិមុខទិសយោធភូមិភាគ៤ (Video inside)

11-07-2025 14:19

(ឧត្តរមានជ័យ)៖ អ្នកឧកញ៉ា វិញ ហួរ ប្រធានសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំសមាជិក សមាជិកា នៃសមាគមន៍ឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា នាំយកអំណោយមួយចំនួនឧបត្ថម្ភជូនដល់កងកម្លាំងសមរភូមិមុខទិសយោធភូមិភាគ៤ ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ពិធីនេះ មានការទទួលស្វាគមន៍ដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤២ ហើយក៏មានការចូលរួមពី អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អុិនស៊ីស៊ីមេន ខបភើរេសិនផងដែរ។

នាឱកាសនោះ លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានថ្លែងកោតសរសើរ លើកទឹកចិត្ត និងថ្លែងអំណរគុណដល់កងទ័ពជួរមុខទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យសត្រូវឈ្លានបាន។

លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងអំណរគុណដល់សមាគមន៍ ដែលបានគិតគូរដល់កងទ័ពកម្ពុជា ហើយសង្ឃឹមថាសមាគមន៍នឹងនាំយកអំណោយបន្ថែមទៀតជូនដល់កងទ័ពនៅទិសដទៃ។

សូមជម្រាបថា អំណោយដែលផ្ដល់ជូនរួមមាន ទឹកសុទ្ធដបធំ ១០០០កេស, ភេសជ្ជៈ ៥០០កេស និងស៊ីម៉ងត៍ជាច្រើនផងដែរ៕