(ភ្នំពេញ)៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃនេះ សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បានប្រមូលសំរាម ជិត៦ពាន់តោន ហើយចំនួននេះមិនទាន់អស់នៅឡើយទេ, នេះបើតាមការឲ្យដឹងពី លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានី ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក មាន ចាន់យ៉ាដា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល៣ថ្ងៃនេះ សំរាមដែលយើងបានប្រមូលទៅទីលាន(ចាក់សំរាម) មានចំនួនជាង ៥,៩០០តោន ហើយសំរាមដែលចេញភាគច្រើន គឺជាសំរាមដែលកើតចេញពីបងប្អូនប្រជាពលរដ្ឋ ដែលដើរកម្សាន្ដពេលបុណ្យអុំទូក មិនមែនជាសំរាមចេញពីផ្ទះ ប្រជាពលរដ្ឋនោះទេ ហើយសំរាមនេះមាននៅតាមផ្លូវសាធារណៈ និងសួនច្បារ ហើយនៅសល់ខ្លះទៀត»។
លោកបានបន្ថែមថា ក្រោយបញ្ចប់បុណ្យអុំទូក ពេលនេះអាជ្ញាធរកំពុងរៀបចំបោសសម្អាត នៅតាមទីធ្លាសាធារណៈនានា ដើម្បីប្រមូលសំរាមដែលនៅសេសសល់នោះហើយ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក៏បានដឹកនាំកម្លាំងសន្ដិសុខ សហការជាមួយ ក្រុមហ៊ុនសន្ដិសុខ «លីប្រា», យុវជនកាកបាទក្រហមកម្ពុជា, បុគ្គលិកហាងព្រឹលគ្រប់រដូវ ប្រមាណជាង១០០នាក់ បានបើកយុទ្ធនាការដើរប្រមូលសំរាម ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ នៅចំណុចសួនមុខព្រះបរមរាជវាំង និងសួនមាត់ទន្លេផងដែរ។
ក្នុងនាមអាជ្ញាធរ លោក មាន ចាន់យ៉ាដា បានអំពាវនាវ ដល់ប្រជាពលរដ្ឋជួយថែរក្សាអនាម័យឲ្យបានទាំងអស់គ្នា ដើម្បីកាត់បន្ថយសំរាម ហើយត្រូវចោលសំរាមក្នុងធុង មិនត្រូវចោលពាសវាលពាសកាលនោះទេ ហើយក៏មិនត្រូវដាក់បន្ទុក ទៅភាគីណាដែរ។ ប្រសិនបើពលរដ្ឋមិនចូលរួមនោះទេ ទោះបីសាលារាជសាលាធានី និងស្ថាប័នពាក់ព័ន្ធ ខំបង្កើត សមត្ថភាពប៉ុណ្ណា ក៏មិនឈ្នះក្នុងការប្រមូលនោះដែរ បើគ្មានការចូលរួមពីពលរដ្ឋ៕