(កំពង់ស្ពឺ)៖ ក្រុមជើងកាងស្រុកស្រែបងធំបងតូចប្រចាំភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ តាមប្រមាញ់ឃាត់ខ្លួន បានសម្រេច បន្ទាប់ពីក្រុមនេះ បានបង្កជាអំពើហិង្សាក្នុងមូលដ្ឋាន បណ្ដាលឲ្យបុរស ២នាក់ផ្សេងទៀត រងរបួសធ្ងន់យ៉ាងដំណំ។
ករណីបង្កហិង្សាដោយចេតនានេះ កើតឡើងនៅវេលាម៉ោង ១២៖០០នាទីយប់ ថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះមានគ្នា ២នាក់៖ ទី១.ឈ្មោះ អ៊ុន រ៉េត អាយុ៤២ឆ្នាំ, ទី២.ឈ្មោះ លន់ ម៉ាប់ អាយុ២៧ឆ្នាំ អ្នកទាំង២មានទីលំនៅភូមិឃុំកើតហេតុ ខាងលើជាមួយគ្នា។
បន្ទាប់ពីបានវាយដំគ្នា បង្កឲ្យមានរបួសស្នាមហើយ ជនបង្កបានវាយបំផ្លាញ ធ្វើឲ្យខូចខាតសម្ភារមួយចំនួនទៀត មានចានបាយ
កញ្ចក់ទ្វារផ្ទះ កង់ជាដើម។
ហេតុការណ៍នេះ បានបង្កឡើងដោយជនសង្ស័យចំនួន ២នាក់ ផ្សេងទៀត ដែលគេស្គាល់ថាជាបងប្អូនភ្លោះ និងជាមុខសញ្ញបងធំបងតូចក្នុងមូលដ្ឋានខាងលើផងដែរ ទី១.ឈ្មោះ ហួ ស្រស់ អាយុ១៩ឆ្នាំ,ទី២.ឈ្មោះ ហួ ខួច អាយុ១៩ឆ្នាំ។
បន្ទាប់ពីដឹងដំណឹងថា មានករណីបង្កអំពើហិង្សាខាងលើ ភ្លាមៗនោះ កម្លាំងអាវុធហត្ថស្រុកឱរ៉ាល់ បានសហការជាមួយកម្លាំងនគរបាលស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍ សង្កែសាទប ដឹកនាំដោយលោក អន យុទ្ធហុង អធិការរងនគរបាលស្រុកឱរ៉ាល់ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួ ខួច បានភ្លាមៗ ចំណែកឯឈ្មោះ ហួ ស្រស់ បានរត់គេចខ្លូនចូលក្នុងព្រៃបាត់។ បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ហួ ខួច ត្រូវបានកម្លាំងសមត្ថកិច្ច នាំទៅកាន់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការ តាមនីតិវិធីបន្ត៕