(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ចប់ដោយជោគជ័យ ដែលព្រឹត្តិការណ៍នេះ បានបង្ហាញឲ្យយុវជនកម្ពុជា ក៏ដូចជាទេសចរបរទេស បានស្គាល់នូវវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ដ៏ល្អផូរផង់របស់ជាតិយើង។
សម្តេចតេជោ បានលើកឡើងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានសប្បាយរីករាយ និងមានមោទនភាពបំផុត ចំពោះការរីកចម្រើនរបស់ ប្រទេសកម្ពុជាសព្វថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងជោគជ័យរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនៅក្រោមម្លប់ដ៏ត្រជាក់ត្រជុំបំផុតនៃ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «មានសន្តិភាពទើបមានការអភិវឌ្ឍ ហើយមានការអភិវឌ្ឍទើប ធ្វើឲ្យប្រទេសជាតិយើង រីកចម្រើនជឿនលឿនទៅមុខ ដែលផ្តល់ឱកាសគ្រប់យ៉ាងដល់ប្រជាពលរដ្ឋ បានកសាងសង្គមគ្រួសារ ឲ្យកាន់តែរីកចម្រើនទៅព្រមគ្នា។ កម្ពុជាត្រូវតែមានសន្តិភាពជានិច្ចនិរន្តរ៍»៕