Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត យង់ ពៅ៖ ការអប់រំល្អ សង្គមរឹងមាំ សុខភាពក៏រឹងមាំ (Video inside)

10-07-2025 18:11

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ផ្ដើមពីមានការអប់រំល្អ ទើបអាចធ្វើឱ្យសង្គមរបស់យើងរឹងមាំ ហើយនាំឱ្យប្រជាពលរដ្ឋមានសុខភាពល្អ និងរឹងមាំដូចគ្នា។ ការលើកឡើងរបស់លោកបណ្ឌិតបែបនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលា ស្តីពី ជំងឺមិនឆ្លងនៅកម្ពុជា ក្រោមប្រធានបទ «ចំណេះដឹងបឋមស្តីពី ការការពារ និងថែទាំជំងឺទឹកនោមផ្អែមប្រភេទ២» ដែលបានធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងនាមជាអ្នកនៅក្នុងវិស័យអប់រំលោកបណ្ឌិត បានគាំទ្រយ៉ាងខ្លាំងចំពោះកំណែទម្រង់ ដែលរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ និងបង្កើតឱ្យមានក្រុមការងារ កែទម្រង់កុមារតូចនៅក្នុងមធ្យមសិក្សា គណៈកម្មការជម្រុញការអភិវឌ្ឍវិធានគន្លឹះក្នុងវិស័យអប់រំ ដែលបានដំណើរការតាមសាលាបឋមសិក្សាជាច្រើនកន្លែងហើយ។

តាមរយៈកំណែទម្រង់នេះលោកបណ្ឌិត ជឿជាក់ថា ការបង្រៀនកុមារតូចៗ ឱ្យមានវិន័យ និងចេះធ្វើអ្វីដោយខ្លួនឯង ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានពលរដ្ឋសកម្មនាពេលខាងមុខ។ នៅពេលដែលសង្គមពោរពេញទៅដោយពលរដ្ឋសកម្ម អនាម័យទីសារធារណៈក៏ល្អ ហើយសុភាពរបស់ប្រជាពលរដ្ឋ ក៏ល្អទៅតាមបរិស្ថាន និងសកម្មភាពរស់នៅរបស់ពួកគាត់។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់បានលើកឡើងថា ក្នុងគោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អ មាំមួន រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៤ ក្នុងនោះ ក៏មានវិធានការគន្លឹះក្នុងវិស័យអប់រំដែលមានគោលដៅលើកកម្ពស់គុណភាពអប់រំ។

ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈវិធានការចំនួន៤ រួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ច, ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣. ការយកចិត្តទុកលើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, និងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»