(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានបន្ដឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់ ក្នុងនោះស្រី៦នាក់ ហើយបានបញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលបានប្រើប្រាស់បង្កាន់ដៃ ត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ថតចម្លងខុសច្បាប់។
ឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា បានឲ្យដឹងថា ក្រោយពីមានការណែនាំពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កម្លាំងជំនាញរបស់ខ្លួន បានបន្ដធ្វើការងារនេះ ដោយមិនគិតពីថ្ងៃបុណ្យទាន ឬឈប់សម្រាកឡើយ ដោយជាលទ្ធផលជាក់ស្ដែងកម្លាំងជំនាញ បានបន្ដឃាត់ខ្លួនជនជាតិ១៤នាក់ ដែលប្រើប្រាស់បង្កាន់ដៃត្រួតពិនិត្យជនបរទេស ថតចម្លងដោយខុសច្បាប់ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធី ដោយតុលាការសម្រេចដាក់ជនត្រូវចោទ ជនជាតិវៀតណាមឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយតម្រូវឲ្យជាប់កាតព្វកិច្ចមួយចំនួនដូចជា មិនឲ្យផ្លាស់ប្តូរទីលំនៅតម្កល់ប្រាក់ចំនួនពីរលានរៀល ។ល។
លោកឧត្តមសេនីយ៍ប្រធានបន្ថែមថា ជនជាតិវៀតណាមទាំងនេះជំនាញនឹងចាត់ការបន្ដ ដោយត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ ប្រើប្រាស់ឯកសារក្លែងក្លាយ តាមបញ្ញត្តិមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ឲ្យគោរពកាតព្វកិច្ចដូចខាងក្រោម៖
ទី១៖ មិនត្រូវផ្លាស់ប្តូរលំនៅដ្ឋាន ដោយគ្មានការអនុញ្ញាតិពីចៅក្រមស៊ើបសួរ, ទី២៖ ត្រូវបង្ហាញខ្លួនរៀងរាល់មួយខែម្តង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ គឺថ្ងៃទី១ នៃដើមខែនីមួយៗ, ទី៣៖ ត្រូវឆ្លើយតបនឹងការកោះហៅ ពីគ្រប់បុគ្គលដែលបានចាត់តាំង ដោយចៅក្រមស៊ើបសួរ, ទី៤៖ ត្រូវដាក់ប្រាក់ធានានៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន២លានរៀល ក្នុងអំឡុងពេល៤សប្តាហ៍ គិតត្រឹមថ្ងៃចុះហត្ថលេខានេះតទៅ, ៥៖ លោកប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ត្រូវអនុវត្តដីកាសម្រេចនេះ និងរាយការណ៍ជូនចៅក្រមស៊ើបសួរ ក្នុងករណីដែលជនត្រូវចោទមិនគោរព តាមកាតព្វកិច្ចខាងលើ។
ជាមួយគ្នានេះ លោកបញ្ជាក់ថា បើសិនជាជនត្រូវចោទគេចវេស ដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរ អាចសម្រេចឲ្យឃុំខ្លួន ជនត្រូវចោទជាបណ្តោះអាសន្នបាន៕