(ភ្នំពេញ)៖ នៅថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក នៅវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៦នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបារាយណ៍ បានចុះសំណេះសំណាលជាមួយក្រុមកីឡាករចំណុះទូកទាំង២ ដោយមានការចូលរួមរបស់បងប្អូន ប្រជាពលរដ្ឋអ្នកគាំទ្រមកពីស្រុកបារាយណ៍ លោកអភិបាល លោកអធិការ ស្រុកបារាយណ៍ ក្រុមប្រឹក្សាឃុំបារាយណ៍ និងក្រុមការងារថ្នាក់កណ្តាលចុះជួយ ឃុំបារាយណ៍ផងដែរ ប្រមាណជាង២០០នាក់។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានចែកជូនថវិកាចំនួន ២០លាន ៦សែនរៀល (ដែលបានមកពីសប្បុរសជន) ជូនចំណុះទូក ចុង ភៅ និងគណកម្មការគ្រប់គ្រងទូក ដោយម្នាក់ៗទទួលបាន១០ម៉ឺនរៀល និងរៀបចំពិធីពិសារបាយ និងរាំលេងកំសាន្តផងដែរ។ លោករដ្ឋមន្រ្តីក៏បានជំរាបជូនអំពីជោគជ័យនៃពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនិង សូមឲ្យមានសុវត្ថិភាពក្នុងការធ្វើដំណើរវិលត្រឡប់ និងផ្តាំផ្ញើដល់អ្នកដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត សូមរួសរាន់ទៅចុះឈ្មោះ៕