Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលរុស្ស៉ីប្រកាសបើកភ្លើងខៀវ បង្កើនចំនួនសិក្ខាកាមយោធាកម្ពុជា ឲ្យទៅសិក្សានៅរុស្ស៉ី

10-07-2025 15:21

(ភ្នំពេញ)៖ រដ្ឋាភិបាលរុស្ស៉ី បានប្រកាសបើកភ្លើងខៀវ ក្នុងការបង្កើនចំនួនសិក្ខាកាមយោធាកម្ពុជា ឲ្យទៅសិក្សានៅរុស្ស៉ី។ នេះបើអនុព័ន្ធយោធាស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា លោក Ivan Stadchenko ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានរបស់ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជា ស្តីពីបញ្ហាសំខាន់ៗនៃគោលនយោបាយការបរទេសរបស់រុស្ស៉ី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅស្ថានទូត។

លោកបានបញ្ជាក់យ៉ាងដូច្នេះ «រុស្ស៉ីបានត្រៀមខ្លួនរួចហើយ ដើម្បីបង្កើនចំនួនសិក្ខាកាមយោធាកម្ពុជា ទៅសិក្សានៅវិទ្យាស្ថានយោធារុស្ស៉ី។ មកដល់ឥលូវនេះ មាននិស្សិតយោធាកម្ពុជា ប្រមាណ ២០០នាក់ កំពុងសិក្សានៅវិទ្យាស្ថានយោធារុស្ស៉ី»

លោកបន្តថា «ជារៀងរាល់ឆ្នាំ ប្រទេសរុស្ស៉ីទទួលសិក្ខាកាមយោធាកម្ពុជា ពី ៥០ ទៅ ៧០នាក់។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៉ីត្រៀមខ្លួន ដើម្បីពិនិត្យពិចារណា សំណូមពរណាមួយពីភាគីកម្ពុជា»

លោកអនុព័ន្ធយោធា ក៏បានថ្លែងថា នៅកម្ពុជាក៏មានយុទ្ធោបករណ៍ ដែលផលិតដោយអតីតសហភាពសូវៀត និងរុស្ស៉ី។ ខាងភាគីរុស្ស៉ី បានស្នើបណ្តុះបណ្តាលរយៈពេល ៥ឆ្នាំ ឬ ៦ឆ្នាំ នៅក្នុងសាកលវិទ្យាល័យយោធារុស្ស៉ី ដើម្បីសិក្ខាកាមបញ្ចប់ការសិក្សានៅរុស្ស៉ី ពេលសិក្ខាកាមកម្ពុជាមកវិញ មានបទពិសោធន៍គ្រប់គ្រាន់ នៅក្នុងការបង្រៀនសិក្ខាកាមនៅកម្ពុជា។

លោកបានបន្តថា ព្រឹត្តិការណ៍សំខាន់មួយ ដែលមានជាប់ជាប្រចាំ គឺការបណ្តុះបណ្តាលសិក្ខាកាមយោធាកម្ពុជា នៅសាកលវិទ្យាល័យយោធារុស្ស៉ី ខណៈរាល់ឆ្នាំប្រទេសរុស្ស៉ីទទួលសិក្ខាកាមយោធាកម្ពុជា ពីចំនួន ៥០ ទៅ ៧០នាក់៕