Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលចាប់ខ្លួនលេខាធិការក្រុមការងារបណ្ដោះអាសន្ន គណបក្សកម្លាំងជាតិខេត្តកំពត ក្រោយបង្ហោះចោទប្រកាន់មកលើថ្នាក់ដឹកនាំ គ្មានមូលដ្ឋានច្បាស់លាស់ និងប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ

10-07-2025 12:40

(ភ្នំពេញ)៖ លោក កែវ ហ៊ាង លេខាធិការក្រុមការងារបណ្ដោះអាសន្ន គណបក្សកម្លាំងជាតិខេត្តកំពត ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការ ពាក់ព័ន្ធបទ «ញុះញង់បង្កឲ្យមានភាពវឹកវងធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងប្រមាថ»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងប្រមូល បានភស្តុតាង ដោយបានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ២៩៨ អ.យ.ន ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥របស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ហ៊ាង អាយុ៧៥ឆ្នាំ មុខរបរលេខាធិការក្រុមការងារបណ្តោះអាសន្ន គណបក្សកម្លាំងជាតិខេត្តកំពត នៅត្រង់ចំណុចភូមិកំពង់បាយត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ពាក់ព័ន្ធពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថ»។

ជនសង្ស័យបន្ទាប់មកត្រូវបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងបន្តនីតិវិធី។ ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់ គណនីហ្វេសប៊ុកឈ្មោះ Heang Keo ប្រព្រឹត្តសកម្មភាពសរសេរខ្លឹមសារចោទប្រកាន់មកលើថ្នាក់ដឹកនាំ គ្មានមូលដ្ឋានច្បាស់លាស់ នៅក្នុងបណ្ដាញសង្គម ដែលនាំឲ្យមហាជនមានការយល់ច្រឡំ បង្កឲ្យមានការញុះញង់ រើសអើង និងប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរ។ ការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចអនុវត្ត គឺមានមូលហេតុច្បាស់លាស់ ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតគោរពតាមនីតិវិធី ដោយគ្មានការរើសអើងផ្នែកនយោបាយ ឬការបំពានសិទ្ធិសេរីភាពនោះទេ។

សមត្ថកិច្ចអនុវត្តផ្អែកតាមអង្គហេតុ និងអង្គច្បាប់ នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ និងសូមច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់គណបក្សកម្លាំងជាតិ ដែលចោទថាការឃាត់ខ្លួនជនសង្ស័យឈោ្មះ កែវ ហ៊ាង ជាការគំរាមកំហែងផ្នែកនយោបាយ និងបំភិតបំភ័យទៅវិញ ដោយមិនផ្អែកលើអង្គហេតុ និងអង្គច្បាប់ឲ្យបានត្រឹមត្រូវ។

សូមអំពាវនាវឲ្យសាធារណជនត្រូវប្រើប្រាស់ព័ត៌មាន ដោយមានការត្រួតពិនិត្យប្រភពច្បាស់លាស់ និងចៀសវាងការចែកចាយការបញ្ចេញមតិ តាមរយៈព័ត៌មានមិនពិត ដែលអាចប៉ះពាល់ដល់សន្តិសុខសង្គម និងប៉ះពាល់ សិទ្ធិស្របច្បាប់របស់អ្នកដទៃ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕