(ភ្នំពេញ)៖ បើគេនិយាយពីទូកប្រណាំងខ្មែរ ដែលតែងតែប្រារព្វក្នុងព្រះរាជពិធីបុណ្យអុំទូក នៅចតុមុខ គឺជាពិធីបុណ្យជាតិ ដែលជាការរំឭកដល់ទូក-ង «ទូកអុំ» និងទូកមួង ជា «ទូកចេវ» ជាប្រភេទទូក ចម្បំាងខ្មែរ ដោយឆ្លុះបញ្ចាំងពី ប្រវត្ដិសាស្រ្ដនិងប្រពៃណីដ៏រុងរឿងរបស់ចក្រភពខ្មែរ នាសម័យមហានគរ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ បើដូច្នេះយើងគួរយល់ថា តើទូកប្រណំាងទំាងនេះមានគុណតម្លៃបែបណា ដល់សង្គមជាតិ?
ឆ្លើយតបនឹងបញ្ហានេះអ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ យល់ថា បើនិយាយពីទូកមានច្រើនប្រភេទ ប៉ុន្ដែចំពោះទូក-ង និងទូកចេវ ជាទូកមានលក្ខណៈពិសេស គឺខុសប្លែកពីប្រភេទទូក ប្រកបអាជីវកម្ម ព្រោះវាមានតួខ្លួនវែងអាចផ្ទុកមនុស្សអុំ ឬចេវបានច្រើននាក់។ បើគិតពីសម្មតិកម្មបច្ចុប្បន្ន មិនខុសពីប្រភេទទូក នាវាចម្បំាងដែលអាចផ្ទុកមនុស្សបានច្រើននាក់នេះទេ។
ដូច្នេះបានជាទូកប្រណាំងទំាងនេះ គឺគេពុំអាចយកទៅប្រកបរបរធ្វើមុខជំនួញបានទេ ព្រោះជាទូក ចម្បំាងកាលពីសម័យបុរាណ។ ហេតុនេះ បានជាយើងឃើញថា នៅពេលប្រណាំងម្ដងៗគេរៀបចំ ទូកអុំជាមួយនឹងទូកអុំ រីឯទូកចេវ ជាមួយទូកចេវ គឺមិនអាចលាយទ្បំគ្នាទេ។ ម្យ៉ាងទៀត នៅពេលប្រណាំងក៏ដូច្នោះផងដែរ គេបានរៀបចំជារបៀបក្បួនទ័ព គឺទូកអុំ ចាប់ផ្ដើមចេញមុន ព្រោះជាទ័ពស្រួច រីឯទូក ចេវ ជាទ័ពជំនួយចេញតាមក្រោយ។
លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ទៀតថា សូម្បីតែក្នុងការជ្រើសរើសប្រភេទឈើទៀតសោត មកធ្វើជាទូកប្រណាំង ភាគច្រើនជាប្រភេទឈើគគីរ គេពិនិត្យល្អិតល្អន់ណាស់ បើតាមជំនឿទំនៀមទម្លាប់ខ្មែរតំាងពីបរមបុរាណមក គេតែងរៀបចំពិធីផ្សេងៗ ដើម្បីបួងសួងដល់អារក្ខ អារក្សទេវតា តំាងមុនកាប់ ពេលកាប់ រហូតដល់ការប្រើប្រាស់ ព្រោះតែហេតុនេះហើយ បានជាទូកប្រណាំងតែមានព្រាយកាន់ ហៅថា «ជីនាងទូក» បានសេចក្ដីថា ទូកហាក់មានព្រលឹង«ជីវិត» មានមុខងារថៃរក្សាដល់ចំណុះទូកនិងប្រជាពលរដ្ឋ។
អ្វីកាន់តែពិសេសថែមទៀតនោះ សូម្បីឈ្មោះទូកក៏សុទ្ធតែបង្ហាញពីអត្ថន័យនិងប្រវត្ដិផងដែរ ជាក់ស្ដែងដូចជាឈ្មោះទូកចង្ហាន់ហុយ ក្នុងន័យបង្ហាញថា ជាទូក មានល្បឿនលឿន សូម្បីម្លូបអាហារដែលបានត្រៀមទុក ក្នុងទូក នៅគ្រាមានចម្បំាងជាមួយនឹងសត្រូវ គឺបានអុំទៅដល់ទីតំាងប្រយុទ្ធ ដែលមានចម្លាយរាប់រយគីទ្បូម៉ែត្រយ៉ាងណាក៏ដោយ ក៏ម្លូបអាហារដែលបានត្រៀមទុកទំាងនេះ នៅតែក្ដៅហុយៗដដែល។
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ យល់ទៀតថា ដោយទូកប្រណំាងខ្មែរ ជាទូក ចម្បំាងមានលក្ខណៈពិសេស ជាងទូកដ៏ទៃទៀតក្នុងលោក។ បច្ចុប្បន្ន បានក្លាយជាទូក បង្ហាញពីប្រពៃណីទំនៀមទម្លាប់ក្នុងសង្គមខ្មែរ។
បើដូច្នេះលោកយល់ថា គួររាជរដ្ឋាភិបាលលើកយកពិធីបុណ្យអុំទូក ដាក់ជាសម្បត្ដិបេតិកភណ្ឌវប្បធម៌អរូបី របស់មនុស្សជាតិ ដើម្បីជាតំណាងឲ្យអារ្យធម៌ដ៏រុងរឿង ខ្លំាក្លារបស់ខ្មែរ ដែលខ្មែរចេះគ្រប់គ្រងទឹក ហើយយកទឹកមកប្រើប្រាស់តាមតម្រូវការរបស់ខ្លួន៕