(ភ្នំពេញ)៖ ថ្ងៃនេះគឺជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ហើយប្រជាពលរដ្ឋខ្មែរប្រុសស្រី រួមទាំងភ្ញៀវទេសចរអន្តរជាតិជាច្រើន បាននាំគ្នាដើរទស្សនាកំសាន្តយ៉ាងសប្បាយរីករាយ តែទណ្ឌិត សម រង្សុី ប្រធានគណបក្សប្រឆាំង ដែលកំពុងរត់ចោលស្រុក ទៅប្រទេសបារាំងឯណោះវិញបែរជាយល់សប្ដិ៍ទាំងថ្ងៃ ថាខ្លួននឹងឈ្នះឆ្នោត នៅឆ្នាំ២០១៨ខាងមុខទៅវិញ នេះបើយោងតាមការសរសេរបង្ហោះ នៅតាមហ្វេសប៊ុករបស់លោក។

សរសេរបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ដែលគេបើកឃើញនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក សម រង្សុី បានសរសេរថានៅការបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨ខាងមុខ គណបក្សសង្គ្រោះជាតិ របស់លោកនឹងឈ្នះការបោះឆ្នោតជាផ្លូវការ មានសិទ្ធិបង្កើតរដ្ឋាភិបាលថ្មីស្របច្បាប់ តំណាងអោយប្រទេសកម្ពុជាទាំងមូល។

លោកថាគណបក្សកាន់អំណាចសព្វថ្ងៃ ដែលនឹងចាញ់ឆ្នោតត្រូវប្រគល់អំណាច មកអោយគណបក្ស ដែលឈ្នះឆ្នោតដោយសន្តិវិធី បើគណបក្សប្រជាជន ឬបុគ្គលណាមួយដែលចាញ់ឆ្នោត មិនព្រមទទួលស្គាល់ ឬគោរពតាមបញ្ជារដ្ឋាភិបាលថ្មីស្របច្បាប់ទេ គណបក្សនោះ ឬបុគ្គលនោះ នឹងក្លាយទៅជាឧទ្ទាម ហើយរដ្ឋាភិបាលថ្មីស្របច្បាប់ មានសិទ្ធិបង្ក្រាប ដោយមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ដើម្បីកំចាត់ពួកឧទ្ទាម។

ក្នុងនោះទណ្ឌិត សម រង្សុី បានសរសេរទៀតថារដ្ឋាភិបាលថ្មីស្របច្បាប់ ដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងអំពាវនាវអោយអង្គការសហប្រជាជាតិ និងសហគមន៏អន្តរជាតិទាំងមូលអន្តរាគមន៍ ដើម្បីអោយមានការអនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ អោយបានត្រឹមត្រូវ...ផងដែរ។

ក្រុមអ្នកវិភាគដែលមើលឃើញសាររបស់ទណ្ឌិត សម រង្សុី ខាងលើនេះ បាននាំគ្នានិយាយថាទណ្ឌិត សម រង្សុី ស្រវឹងស្រាក្រហម នៅប្រទេសបារាំងទេឬអី បានដេកយល់សប្ដិ៍ទាំងថ្ងៃបែបនេះ។ មិនតែប៉ុណ្ណោះគេលើកឡើងថាទណ្ឌិត សម រង្សុី ចេះនិយាយថាពេលគាត់ឈ្នះឆ្នោតបង្កើតរដ្ឋាភិបាលថ្មី បើអ្នកណាប្រឆាំងនឹងក្លាយទៅជាពួកឧទ្ទាម ហើយរដ្ឋាភិបាលស្របច្បាប់ របស់លោកនឹងធ្វើការបង្ក្រាប គឺជាការត្រឹមត្រូវប្រសិនគណបក្ស របស់លោកពិតជាឈ្នះការបោះឆ្នោតពិតមែន។ តែគេសួរថានៅក្រោយការបោះឆ្នោតកន្លងមក អោយតែគណបក្សប្រជាជនឈ្នះការបោះឆ្នោត ដោយស្របច្បាប់ ហេតុអ្វីក៏គណបក្សរបស់លោក តែងតែមិនទទួលស្គាល់លទ្ធផលហើយធ្វើការប្រឆាំងរាល់លើក ហើយពេលគណបក្សប្រឆាំងនាំគ្នា ធ្វើបាតុកម្មហិង្សា មិនទទួលស្គាល់លទ្ធផលបោះឆ្នោត ពេលរាជរដ្ឋាភិបាលស្របច្បាប់ចាត់វិធានការបង្ក្រាប ហេតុអ្វីក៏គណបក្សរបស់លោកស្រែកថាអយុត្តិធម៌ រដ្ឋាភិបាលបង្ក្រាបបាតុកម្ម រំលោភសិទ្ធិបញ្ចេញមតិទៅវិញ។ ហេតុអ្វីលោកមិនស្រែកថាវិធានការបង្ក្រាបបាតុកម្ម ប្រឆាំងនឹងលទ្ធផលបោះឆ្នោត នឹងជាការត្រឹមត្រូវផងដែលទៅ។

រឿងដែលហួសចិត្តមួយទៀត ទណ្ឌិត សម រង្សុី បានលើកឡើងថាពេលលោកឈ្នះឆ្នោត បង្កើតរដ្ឋាភិបាលស្របច្បាប់ លោកនឹងទាមទារអោយ UN និងសហគមន៏អន្តរជាតិ អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស អោយបានត្រឹមត្រូវឡើងវិញ មានន័យស្មើរនឹងលោកទាមទារអោយបង្កើតអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមឡើងវិញផងដែរ ព្រោះនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺភាគីជម្លោះនយោបាយរបស់ខ្មែរ មាន៤ភាគីគឺ រដ្ឋកម្ពុជា ហ្វ៊ុនសុិនបុិច សឺនសាន និងខ្មែរក្រហម តែឥឡូវភាគីខ្មែរក្រហម ត្រូវបានរាជរដ្ឋាភិបាលរំលាយចោលបាត់ហើយ។

តើពលរដ្ឋខ្មែរទទួលយកបានទេ! នៅពេលដែលគណបក្សសង្គ្រោះជាតិ របស់ទណ្ឌិត សម រង្សុី ឈ្នះឆ្នោត លោកទាមទារអោយរបបខ្មែរក្រហម រស់រានឡើងវិញទៅតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ?

ឱ! ទណ្ឌិត សម រង្សុី អើយ... ទំនេរពេកទៅអី បានជាដេកយល់សប្ដិ៍ទាំងថ្ងៃបែបនេះអញ្ចឹង៕