(កំពត)៖ សពជនរងគ្រោះទាំង៤នាក់ ដែលបានស្លាប់ដោយហេតុការណ៍ទូកទេសចរណ៍ ដឹកភ្ញៀវមើលអំពិលអំពែក តាមមាត់សមុទ្រ នាក្រុងកំពត ខេត្តកំពត បានគឿងជាមួយខ្សាច់ បណ្តាលឲ្យផ្អៀង រហូតធ្វើឲ្យភ្ញៀវលោតចូលទឹកនោះ បានរកឃើញអស់ហើយ គិតត្រឹមវេលាម៉ោងជិត២រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយសពជនរងគ្រោះម្នាក់រកឃើញភ្លាមៗក្រោយកើតហេតុ ម្នាក់ទៀតរកឃើញនៅព្រឹកមិញ និង២នាក់ ជាម្តាយ និងកូនប្រុសត្រូវបានរកឃើញនៅរសៀលថ្ងៃនេះ។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា សពជនរងគ្រោះទាំង៤នាក់ មាន៣នាក់ ជាម្តាយក្មេក ប្រពន្ធ និងកូនប្រុសរបស់ នាយការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត លោក សាន យ៉េត ហើយស្រ្តីវ័យចំណាស់ម្នាក់ទៀត ជាអ្នករស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជាមួយគ្នានេះ សម្រាប់ម្ចាស់ទូកទេសចរណ៍មួយនេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនផងដែរ ដើម្បីចាត់ការតាមច្បាប់។
សម្រាប់ការបាត់ជីវិតសាច់ញាតិរបស់នាយការិយាល័យសុខាភិបាល ដ៏គួរឲ្យអាសូរយ៉ាងពន់ពេកនោះ ស្នងការនគរបាលខេត្ត បាននាំយកថវិកា ចំនួន២លានរៀល ព្រមទាំងទឹកក្រូច១០កេះ ទឹកសុទ្ធ១០កេះ ដោយមួយលានរបស់សម្តេចក្រឡាហោម ស ខេង និងមួយលានរៀលទៀតជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន ដើម្បីចូលរួមបុណ្យសព។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមមាត់សមុទ្រ ជិតស្ពានថ្មី ក្រុងកំពត ខេត្តកំពត ក្រោយទូកទេសចរណ៍ដ៏ធំមួយផ្ទុកមនុស្សជាង៧០នាក់ បានគឿងជាមួយខ្សាច់ ហើយផ្អៀងធ្វើឲ្យមានការជ្រួលច្របល់អ្នកនៅលើទូក រហូតលោតចូលទឹកតែម្តង។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «មូលហេតុដែលនាំឲ្យមានករណីនេះកើតឡើង ដោយសារតែទូកទេសចរណ៍មួយនេះ ក្រោយត្រឡប់មកពីមើល អំពិលអំពែកតាមមាត់សមុទ្រនោះ បានគឿងខ្សាច់ (ក្រោយទឹកនាច) ស្រាប់តែបណ្តាលឲ្យទូកផ្អៀង ហើយមានអ្នកខ្លះធ្លាក់ចូលទឹក ពេលនោះក៏ម្នាក់ៗ ឆោឡោយ៉ាងខ្លាំង ដោយគិតថាទូកលិច ទើបម្នាក់ៗនាំគ្នាលោតចេញពីទូក រហូតមានស្លាប់យ៉ាងដូច្នេះ»។
នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងស្រង់ទូកមកលើគោក ដើម្បីបន្តធ្វើកោសល្យវិច្ច័យបន្ថែម រកមូលហេតុ នៃគ្រោះថ្នាក់មួយនេះ៕