(ភ្នំពេញ)៖ ភាពយន្តបែបកំប្លែងថ្មីមួយទៀត មានចំណងឃើងថា «ឡប់៨» នឹងត្រូវបើកសម្ពោធបញ្ចាំង ជាផ្លូវការហើយនៅថ្ងៃនេះ នៅរោងភាពយន្ត Legend ខេត្តសៀមរាប ហើយនឹងត្រូវបញ្ចាំង គ្រប់បណ្ដារោងភាពយន្តទំនើប ទាំងអស់ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
តំណាងផលិតកម្ម ស្ប៉ាយឌើ លោក គិរី ចំរើន បានថ្លែងប្រាប់ឲ្យដឹងថា មូលហេតុដែលរឿងនេះ ត្រូវបានបើកសម្ពោធក្នុងខេត្តសៀមរាប ព្រោះតែនៅក្នុងខេត្ត មានអ្នកគាំទ្រភាពយន្តខ្មែរច្រើន ហើយតារាសម្ដែងក្នុងរឿងនេះ ក៏មានអ្នកគាំទ្រ (Fan) នៅទីនោះច្រើន និងដោយមានការសំណូមពរ ពីទស្សនិកជននៅទីនោះទៀត ទើបលោកសម្រេចចិត្ត ទៅសម្ពោធនៅ ទឹកដីអង្គរតែម្ដង។
លោកបន្តថា ភាពយន្តរឿង «ឡប់៨» ជាភាពយន្តមានរសជាតិ បែបកំប្លែងបែបថ្មីមួយទៀត ដោយមានការសម្រិតសម្រាំង យ៉ាងពិសេសទាំងបច្ចេកទេស តួសម្ដែង ប្លង់ថត និងទីតាំងថត ត្រូវបានពិនិត្យមើល យ៉ាងល្អិតល្អន់ ដើម្បីឲ្យសាច់រឿងមានលក្ខណៈខុសប្លែកពីគេ និងមានភាពទាក់ទាញអ្នកទស្សនា។ ទោះបីជាតារាសម្ដែងក្នុងរឿង មិនមែនជាតារាសម្ដែងកំប្លែងអាជីព ក៏ប៉ុន្តែលោកជឿជាក់ថា ភាពយន្តនេះ នឹងធ្វើឲ្យអ្នកទស្សនា សើចតាំងពីដើម រហូតដល់ចប់។
ដោយឡែក លោក ភីម៉ៃ ជាតួអង្គដ៏សំខាន់ក្នុងរឿង បានថ្លែងឲ្យដឹងថា រឿង «ឡប់៨» ជាភាពយន្តបែបកំប្លុកកំប្លែងថ្មីមួយទៀត ដែលលោកជឿជាក់ថា នឹងមិនធ្វើឲ្យអ្នកទស្សនា ខកបំណង ពេលបានទស្សនា ខណៈដែលតារាសម្ដែងក្នុងរឿងនេះ បានបង្ហាញទេពកោសល្យរបស់ខ្លួន និងមានការថតយ៉ាង យកចិត្តទុកដាក់បំផុត។ ទោះបីជា តារាសម្ដែងទាំងអស់ក្នុងរឿង មិនមែនជាតារាកំប្លែងក្ដី ប៉ុន្តែនឹងធ្វើឲ្យអ្នកទស្សនា សើចបិទមាត់មិនជិតនោះទេ ព្រោះជាការសម្ដែងតាមចរិតធម្មជាតិ របស់តួអង្គនីមួយៗ។
យ៉ាងណាមិញ តំណាងផលិតកម្មខាងលើ បានបន្ថែមទៀតថា រឿងនេះ បានចំណាយទុនផលិតអស់ប្រមាណជិត ៤ម៉ឺនដុល្លារ ហើយលោករំពឹងថា នឹងទទួលបានជោគជ័យ ពេលដាក់បញ្ចាំងតាមរោងភាពយន្តនានា ខណៈដែលបច្ចុប្បន្ននេះ ទីផ្សារភាពយន្តបែបកំប្លែង នៅតែមានអ្នកគាំទ្រច្រើនដដែល ហើយរឿង «ឡប់៨» គឺជាចំណីចក្ខុកំប្លែងថ្មីមួយទៀត បង្កប់ដោយការអប់រំ សម្រាប់ទស្សនិកជន ជាពិសេសយុវវ័យ ក្នុងពេលសិក្សា តែម្ដង៕