Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋសភា អនុម័តបញ្ចូលសំណើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធការដកសញ្ជាតិ ទៅកិច្ចប្រជុំពេញអង្គដែលគ្រោងធ្វើនៅថ្ងៃទី១១ ខែកក្កដាខាងមុខ (Video inside)

08-07-2025 16:41

(ភ្នំពេញ)៖ រដ្ឋសភា បានចេញសេចក្តីប្រកាសអំពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការរដ្ឋសភា ដើម្បីពិនិត្យលើលទ្ធផលរបាយការណ៍របស់គណៈកម្មការជំនាញនៃរដ្ឋសភា ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ បានពិនិត្យសិក្សាលើសំណើសុំរដ្ឋសភាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា របស់តំណាងរាស្ត្រហត្ថលេខីទាំង១២៥រូប ដែលស្មើនឹង១០០ភាគរយ នៃតំណាងរាស្ត្រសរុបមកពីចម្រុះគណបក្សទាំងអស់ មានអាសនៈក្នុងរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាត ឲ្យមានការរៀបចំក្របខ័ណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្ត អំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដោយឃុបឃិត ជាមួយបរទេស។

យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តបញ្ចូលសំណើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ នាពេលខាងមុខ។

គណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តកំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែ កក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរដ្ឋសភា៖