(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បន្ទាប់ពីអនុវត្តន៍វិធានការទប់ស្កាត់បញ្ជៀសកំប្លោក​ លើផ្ទៃទន្លេពីថ្ងៃទី១៣-១៤ រហូតមកដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅតែបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំ ដោយដឹកនាំក្រុមការងាររយៈពេល៣ថ្ងៃជាប់គ្នា ប្រើយុទ្ធសាស្ត្រថ្មីបន្ថែមក្នុងការទប់ស្កាត់ និងបញ្ជៀសកំប្លោកលើផ្ទៃទន្លេ ដើម្បីបង្កាកុំឲ្យលំហូរចូលទៅកាន់ទីលានប្រឡងប្រណាំងទូកង នៅខាងមុខព្រះបរមរាជវាំង។

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ក្នុងសកម្មភាពទប់ស្កាត់ កំប្លោកលើផ្ទៃទន្លេនេះដែរ ក៏មានការចូលរួមជ្រោមជ្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្តពីថ្នាក់អភិបាលរងខណ្ឌលោក ស៊ូ សោគន្ធ លោកអភិបាលរងខណ្ឌ ប្រាជ្ញ សីហា លោកនាយករដ្ឋបាល សន សោភ័ណ្ឌ និងលោក ហ៊ូ សាម៉ន ចៅសង្កាត់ស្វាយប៉ាក រួមនិងមន្ត្រីជាសមាជិកសមាជិការចំណុះខណ្ឌ ព្រមទាំងកម្លាំងប្រជាការពារ ជាច្រើននាក់ផងដែរ ដើម្បីពិគ្រោះប្ដូរយោបល់ធ្វើយ៉ាងណារិះរកមធ្យោបាយ ឬយុទ្ធសាស្ត្រល្អៗ ដែលអាចប្រមូលទប់ស្កាត់និងបញ្ជៀសកំប្លោកនៅលើផ្ទៃទន្លេ កុំឲ្យលំហូរចូលទៅកាន់ទីលានប្រឡងប្រណាំងទូកង នៅខាងមុខព្រះបរមរាជវាំងឲ្យខានតែបាន ព្រោះជាថ្ងៃបង្ហើយ នៃព្រះរាជពិធីបុណ្យជាតិ។

ជាមួយគ្នានោះ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ បញ្ជាក់ថា ក្នុងប្រតិបត្តិការទប់កំប្លោកនេះ ជំហ៊ានដំបូង ត្រូវប្រើកាដុងចងជាមួយសាច់អួនជាខ្សែពួរចង ភ្ជាប់នៅត្រង់ពាក់កណ្ដាលជើងស្ពាន លោកឧកញ៉ា លី យុង ផាត់ រហូតមកដល់ជើងសសរកំពង់ផែ លោកឧកញ៉ា ញឹក ផន ប្រវែង៣០០ម៉ែត្រ សម្រាប់ត្រើយខាងលិច និងមួយផ្នែក ទៀតប្រើកាដុងចងជាមួយខ្សែពួរចន្លោះពីរ៣ទៅ៤ម៉ែត្រ ដោយមានប្រវែង៣០០ម៉ែត្រដូចគ្នា ចងភ្ជាប់នឹងសសរកណ្ដាលស្ពានលោកឧកញ៉ា លី យុងផាត់ ប្រទាក់ក្រឡារហូតមកចង ភ្ជាប់ដល់គល់ស្ពានត្រើយខាងកើតក្នុងការទប់ និងបញ្ជៀសកំប្លោកនូវគោលដៅចំណុចលើ។

ដោយឡែក លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានលើកឡើងថា សម្រាប់គោលដៅចំណុចក្រោមគឺនៅខាង ក្រោយស្ថានីយ៍ទូរទស្សន៍ CTN ក៏ត្រូវប្រើសាច់អួនដូចគ្នាមានប្រវែងដល់ទៅ៥០០ម៉ែត្រ ដោយចងប្រទាក់ក្រឡាកាត់ទន្លេសាប ហើយក្នុងនោះក៏មានការចូលរួម ពីប្រជាពលរដ្ឋអ្នកដាក់ដៃនេសាទត្រីក្នុងទន្លេផងដែរ ក្នុងការជួយសហការ និងអាជ្ញាធរដើម្បីទប់ស្កាត់បញ្ជៀសកំប្លោកលើផ្ទៃទន្លេ។

បើទោះបីជាយ៉ាងណា លោក ជា ពិសី អភិបាលខណ្ឌឫស្សី កែវ បានបញ្ជាក់ទៀតថា ក្នុងកិច្ចសហការទប់ស្កាត់ និងបញ្ជៀសកំប្លោកលើផ្ទៃទន្លេ ក្រៅពីចំណុចគោលដៅទាំងខាងលើនិងខាងក្រោម មន្ដ្រីនូវមានវិធានការប្រើប្រាស់យុទ្ធសាស្ដ្រទាំងអូរបរ និងទូកកាណូតប្រមាណជិត១០គ្រឿងផងដែរ ដើម្បីបើកគៀងគរបង្វែរទិស នៃការលំហូរចូល ចំពោះដុំកំប្លោកតូច-ធំ និងដុំកំប្លោកយក្ស ពីកណ្ដាលទន្លេរហូតមកអែបច្រាំងទន្លេ ទើបប្រើខ្សែពួរចងដោយសម្រេចបានជោគជ័យ នៃផែនការរយៈពេល៣ថ្ងៃជាប់គ្នានេះ៕