(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងឲ្យដឹងថា ពិធីបុណ្យអុំទូកដែលបានប្រព្រឹត្តិទៅអស់ពេល២ថ្ងៃកន្លងមកនេះ គឺបានផ្តល់នូវការសប្បាយរីករាយក្រៃលែង ដល់បងប្អូនប្រជាពលរដ្ឋ។
សម្តេចតេជោ បានបន្តថា នេះ គឺបានបង្ហាញអោយកូនចៅខ្មែរយើង និងភ្ញៀវទេសចរណ៍ បរទេសបានឃើញ និងបានស្គាល់នូវវប្បធម៍ ទំនៀមទម្លាប់នៃពិធីបុណ្យប្រពៃណីដ៏ថ្លៃថ្លារបំផុតរបស់ជាតិយើង។ នេះបើយោងតាមការបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅមុននេះបន្តិច។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដែរ សូមឲ្យជនរួមជាតិ និងទេសចរបរទេសបានសប្បាយរីករាយ នៅក្នុងថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃពិធី បុណ្យអុំទូក។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាពិតសំណាងខ្លាំងណាស់ដែលមានសុខសន្តិភាពពេញលេញ ដែលផ្តល់ឱកាសអោយប្រទេសយើងបានប្រារព្ធធ្វើពិធីបុណ្យដ៏អធិកអធមនេះ»។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គយាងទតពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ៕